ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង៨និង០០នាទីព្រឹកនៅចំណុចក្រុមទី០៨ ភូមិកូនក្អែក១ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយបានកើតឡើងបង្កដោយជនសង្ស័យម្នាក់ ឈ្មោះ ផែន ថន ហៅចូញ ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅភូមិកូនក្អែក១ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រដាប់ដោយចម្ពាមកៅស៊ូ និងដំបងឈេីធ្វើសកម្មភាពបាញ់និងដេញវាយទៅលើជនរងគ្រោះចំនួន០៣នាក់៖
១-ឈ្មោះ ម៉េង យ៉ា ភេទស្រី អាយុ៣៦ឆ្នាំរបួសខ្នងពីក្រោយខាងស្ដាំ០២កន្លែង(ស្រាល)។
២-ឈ្មោះ ថន វេចនា ភេទស្រី អាយុ១៣ឆ្នាំ របួសខ្នងពីក្រោយខាងស្ដាំ០១កន្លែង(ស្រាល)។
៣-ឈ្មោះ ច័ន្ទ រស្មី ភេទប្រុស អាយុ៥៧ឆ្នាំ (វាយនឹងដៃរបួសស្រាល) អ្នកទាំង០៣នាក់រស់នៅភូមិកូនក្អែក១ ឃុំរបស់មង្គល ស្រុកមោងឫស្សី ។
ភ្លាមៗជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាលស្រុក ហេីយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡាស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី ដឹកនាំកម្លាំងនគរបាលយុត្តិធម៌នៃអធិការ ដ្ឋាននគរបាលស្រុករួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរបស់មង្គលចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យខាងលេី រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សីដើម្បីសាកសួរដោយដកហូតបានដំបងឈេីនិងចម្ពាមកៅស៊ូគ្រាប់ថ្មផង។
ចំពោះមូលហេតុដែលជនសង្ស័យប្រព្រឹត្តដូច្នេះគឺដោយសារតែគេបានប្រើប្រាស់គ្រឿងញៀនហួសកម្រិត(បែកថ្នាំ)។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្តដើម្បីអនុវត្តបន្តតាមនីតិវិធី៕
ដោយ៖ សហការី