ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី ហេង សួរ ៖ «ខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុន ដើម្បីរឹតចំណងសាមគ្គីភាព និងទាក់ទាញប្រជាជននិងអ្នកវិនិយោគជប៉ុនឲ្យមកកម្ពុជាកាន់តែច្រើន»

ចែករំលែក៖

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញសារប្រកបដោយក្តីសង្ឃឹមតាមរយៈហ្វេសប៊ុកផ្លូវការកាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះថា៖ ខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុន មិនត្រឹមតែជាការរឹតចំណងសាមគ្គីភាពរបស់ប្រទេសទាំងពីរនោះទេ ហើយអាចជាការទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគថែមទៀតផង។

រដ្ឋមន្ត្រីក្រសួងការងារ​ បានគូសបញ្ជាក់ថា៖ «ខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុន ដើម្បីរឹតចំណងសាមគ្គីភាព និងទាក់ទាញប្រជាជននិងអ្នកវិនិយោគជប៉ុនឲ្យមកកម្ពុជាកាន់តែច្រើន» ដោយបានទស្សនាការប្រគុំតន្ត្រីអូខេស្ត្រាក្នុងពិធីរំលឹកខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុននៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)ក្នុងរាជធានីភ្នំពេញ​ បានធ្វើឡើងក្រោម​អធិបតីភាព​សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងលោក អូអេណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ 

លោករដ្ឋមន្ត្រី​ បានគូសបញ្ជាក់បនមថែមថា៖ «បានមកចូលរួមជាមួយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និង លោក អូអេណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ទស្សនាការ ប្រគំតន្ត្រីអូខេស្ត្រា ខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុន ដើម្បីរឹតចំណងសាមគ្គីភាពកម្ពុជា-ជប៉ុន និងទាក់ទាញការចាប់អារម្មណ៍របស់ប្រជាជនជប៉ុន និងអ្នកវិនិយោគជប៉ុនឲ្យមកកម្ពុជាកាន់តែច្រើន”។

សូមជម្រាបជូនថា​ កម្ពុជា-ជប៉ុន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការដំបូងនៅឆ្នាំ ១៩៥៣ ហើយ ៧០ឆ្នាំក្រោយគឺឆ្នាំ២០២៣នេះ ប្រទេសទាំងពីរ បានដំឡើងកម្រិតទំនាក់ទំនងទំនាក់ទំនងទ្វេភាគី ដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់បំផុតនៃទំនាក់ទំនងរវាងប្រទេសក្នុងតំបន់អាស៊ីទាំងពីរនេះ។

ក្រៅពីការលើកឡើងក្នុងទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ចកិច្ច លោក ហេង សួរ ក៏បានសរសើរយុវតន្ត្រីករជប៉ុនថា ពិតជាសម្តែងបានល្អ និងថ្លែងអំណរគុណដែលធ្វើដំណើរដ៏សែនឆ្ងាយដម្រាប់ការប្រគំតន្ត្រីនេះ ហើយក៏ជូនពរដល់យុវតន្រ្តីករជប៉ុនមានសុខភាពល្អ និងរីករាយក្នុងការស្នាក់នៅកម្ពុជា។

សូមរម្លឹកថា ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន មានទំហំ៨៦០លានដុល្លារអាម៉េរិកខណៈដែលកម្ពុជាបាននាំចេញទៅជប៉ុន៥៤៥លានដុល្លារអាមេរិក​ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៣នេះ៕

ដោយ​៖ សហការី​


ចែករំលែក៖