ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី នឹងបន្តដាក់បម្រាមលើធញ្ញជាតិអ៊ុយក្រែន បន្តទៀត

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសអឺរ៉ុបចំនួន៣ រួមមាន៖ ប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី នឹងដាក់ការរឹតត្បិតផ្ទាល់ខ្លួនរបស់ពួកគេ ទៅលើការនាំចូលធញ្ញជាតិរបស់អ៊ុយក្រែន បន្ទាប់ពីគណៈកម្មការអឺរ៉ុប បានសម្រេចមិនបន្តសុពលភាពបម្រាមរបស់សហភាពអឺរ៉ុប (EU)។

ការរឹតត្បិតដែលដាក់ចេញដោយសហភាពអឺរ៉ុប កាលពីខែឧសភា ឆ្នាំនេះ បានអនុញ្ញាតឱ្យប៉ូឡូញ ប៊ុលហ្ការី ហុងគ្រី រូម៉ានី និងស្លូវ៉ាគី ដែលសុទ្ធតែជាសមាជិករបស់ EU អាចហាមឃាត់ការលក់ស្រូវសាលី ពោត គ្រាប់ផ្កា rapeseed និងគ្រាប់ផ្កាឈូករ័ត្នជាដើម របស់អ៊ុយក្រែន នៅក្នុងប្រទេសរបស់ពួកគេ ស្របពេលដែលបើកឱ្យធញ្ញជាតិទាំងនោះ អាចដឹកឆ្លងកាត់ដើម្បីនាំចេញទៅកាន់កន្លែងដទៃទៀត។
កាលពីថ្ងៃសុក្រសប្តាហ៍នេះ នាយករដ្ឋមន្រ្តីប៉ូឡូញ បានប្រកាសដូច្នេះថា «យើងនឹងបន្តបម្រាមនេះ ទោះមានការមិនយល់ស្របពីសំណាក់គណៈកម្មការអឺរ៉ុបក៏ដោយ។ យើងនឹងធ្វើបែបនោះ ដោយសារតែវានឹងបម្រើដល់ផលប្រយោជន៍ របស់ប្រជាកសិករប៉ូឡូញ»។ ចំណែកឯ ហុងគ្រីបានដាក់បម្រាមការនាំចូលទូទាំងប្រទេសលើ ផលិផលកសិកម្មចំនួន២៤មុខរបស់អ៊ុយក្រែន រួមមានធញ្ញជាតិ បន្លែ ទឹកឃ្មុំ និងផលិតផលសាច់មួយចំនួន។ ទន្ទឹមគ្នានេះ រដ្ឋមន្រ្តីកសិកម្មស្លូវ៉ាគី ក៏បានចេញមុខប្រកាសបម្រាមរបស់ប្រទេសលោក លើធញ្ញជាតិរបស់អ៊ុយក្រែនផងដែរ។
បម្រាមរបស់ប្រទេសអឺរ៉ុបកណ្តាលទាំង៣ខាងលើ គឺអនុវត្តតែចំពោះការនាំចូលសម្រាប់លក់នៅក្នុងប្រទេសរបស់ពួកគេប៉ុណ្ណោះ ដោយមិនប៉ះពាល់ចំពោះការដឹកឆ្លងកាត់ ដើម្បីឆ្ពោះទៅកាន់ទីផ្សារដទៃឡើយ៕ ដោយ៖ ធីរីណា

រូប​ថត​៖ 1thegioi.vn


ចែករំលែក៖