ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌដូនពេញឃាត់ជនសង្ស័យបានម្នាក់ខណៈ២នាក់ទៀតកំពុងរត់គេចខ្លួនករណីហិង្សាកាប់ជនបរទេសបណ្តាលឱ្យរងរបួស

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌដូនពេញឃាត់ជនសង្ស័យបានម្នាក់ខណៈ២នាក់ទៀតកំពុងរត់គេចខ្លួនករណីហិង្សាមានស្ថានទម្ងន់ទោស (យកកាំបិតប៉័ងតោកាប់លេីជនរងគ្រោះ​ជាជនជាតិអូស្ត្រាលី​ ភេទប្រុស អាយុប្រហែល៥០ឆ្នាំជាង បណ្តាលឱ្យរងរបួសដៃឆ្វេង បច្ចប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យព្រះអង្គឌួង)។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១១និង៣៥នាទីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចសួនច្បារមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

   សមត្ថកិច្ចនគរបាលខណ្ឌដូនពេញបានឱ្យដឹងថា ក្រោយពីទទួលបានពីសភាពការណ៍នេះភ្លាម កម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានចុះស្រាវជ្រាវរហូតដល់ម៉ោង៥ល្ងាចថ្ងៃដដែលទើបបង្រ្កាបបានជនសង្ស័យម្នាក់រួមទាំងវត្ថុតាងកាបិតប៉័ងតោ​ដែលលាក់ទុកក្នុងធុងសំរាមក្បែរកន្លែងកេីតហេតុ​ ។

    សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនសង្ស័យដែលឃាត់ខ្លួនបាននោះមានឈ្មោះ​ អ៊ួន​ សុខពៅ​ ហៅពៅ​ធំ ភេទប្រុស អាយុ៣០ឆ្នាំ​ ជនជាតិខ្មែរ ស្នាក់នៅ​និងមុខរបរមិនពិតប្រាកដ​ នៅចំណុចទីតាំងផ្ញេីម៉ូតូក្បែររបងវត្តឧណ្ណាលោម​ (ខាងត្បូង)​ ផ្លូវលេខ​១៥៤​ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១​ ខណ្ឌដូនពេញ។ ចំណែកបក្ខពួក២នាក់ទៀតដែលរត់គេចត្រូវស្គាល់ឈ្មោះ គោ និងម្នាក់ទៀតឈ្មោះ អាល័ក្ខ។

    បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងកំពុងស្រាវជ្រាវស្វែងរកបក្ខពួក២នាក់ទៀតដែលកំពុងរត់គេខ្លួនយកមកផ្តន្ទាទោសទៅតាមនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖