ប្រទេសចិន ៖ ឯកឧត្តម លី ឈាង (Li Qiang), នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន;
ឯកឧត្តម, លោកជំទាវ ប្រមុខរដ្ឋ និង ប្រមុខរាជរដ្ឋាភិបាល;
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលបានចូលរួមជាលើកទី ១ នៅក្នុង ពិធី សម្ភោធបើក ពិព័រណ៍ចិន-អាស៊ាន នាថ្ងៃនេះ ។ ខ្ញុំសូមអបអរសាទរចំពោះការប្រារព្ធខួបលើកទី២០ នៃការ រៀបចំពិព័រណ៍ចិន-អាស៊ាន និង ខួបលើកទី ១០ នៃគំនិតផ្តួចផ្ដើមខ្សែក្រវាត់ និង ផ្លូវ ។
ក្នុងបរិការណ៍សកលលោកដែលពោរពេញទៅដោយភាពមិនប្រាកដប្រជា ការរៀបចំ ពិព័រណ៍ចិន-អាស៊ាន លើកទី ២០. ពិតជាមានសារៈសំខាន់ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាង តំបន់ឱ្យកាន់តែស្អិតរមួត ប្រកបដោយភាពសុខដុម ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍប្រកប ដោយចីរភាព ។ ជាងនេះទៅទៀត ការណ៍នេះបានបង្ហាញឱ្យឃើញថាកិច្ចសហប្រតិបត្តិការរួម បញ្ចូលជាមួយនឹងការធ្វើពាណិជ្ជកម្មដោយសេរី និង បើកចំហ គឺជាវិថីតែមួយគត់ ដែលនាំមកនូវ សុខសន្តិភាព និង វិបុលភាពរួម យ៉ាងពិតប្រាកដ ។
យើងមានកិច្ចសហប្រតិបត្តិការដ៏ប្រសើរជាមួយគ្នា តាមរយៈនិម្មាបនកម្មតំបន់ដែលដឹកនាំ ដោយអាស៊ាន ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន, កិច្ចព្រមព្រៀងអាសិប និង កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ជាច្រើនទៀត ។ នៅក្នុងក្របខណ្ឌ័ទាំងអស់នេះ, ពិព័រណ៍នេះ គឺជាសកម្មភាពជាក់ស្ដែង ដែលបង្កើតបាននូវសហថាមភាព ក្នុងការជំរុញទំហំពាណិជ្ជកម្មអាស៊ាន- ចិន ឱ្យមានសន្ទុះកាន់តែខ្លាំងក្លាផងដែរ។ យើងទាំងអស់គ្នាពិតជាមានមោទនភាព ដែលទំហំ ពាណិជ្ជកម្មអាស៊ាន-ចិន បានកើនឡើងដល់ ៧២២ ពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំមុន ។
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
នៅពេលដែលជំងឺកូវីដ-១៩ បានធ្វើឱ្យពិភពលោកចលាចល ចលនាទាំងឡាយរបស់ មនុស្សជាតិត្រូវបានធ្លាក់ចុះ, ប៉ុន្តែយើងបានឃើញដោយផ្ទាល់ថា “ រឺហូរពាណិជ្ជកម្មទំនិញនៅត បន្តដំណើរការ ។ ក្នុងឆ្នាំ ២០២១ និង ២០២២ ពាណិជ្ជកម្មទំនិញបានកើនឡើងខ្ពស់ជាងកម្រិត មុនជំងឺកូវីដ-១៩ ផ្ទុះឡើងទៀត ដែលនេះបញ្ជាក់ពីតួនាទីដ៏សំខាន់នៃពាណិជ្ជកម្ម ក្នុងការធានា សន្តិសុខផ្នែកសង្គម-សេដ្ឋកិច្ចរបស់ប្រជាជនលើពិភពលោក ។
នៅពេលដែលវិបត្តិជំងឺរាតត្បាតបានថមថយទៅ, យើងកំពុងតែជួបប្រទះនឹងបញ្ហាប្រឈម ផ្សេងទៀត ដូចជា ការកើនឡើងនៃថ្លៃទំនិញយុទ្ធសាស្ត្រ, សន្តិសុខស្បៀង និង ផលប៉ះពាល់ពីការ ប្រែប្រួលអាកាសធាតុ ជាដើម ។ នៅត្រង់ចំណុចនេះ, ខ្ញុំចង់គូសរំលេចពីតួនាទីដ៏សំខាន់របស់ ពាណិជ្ជកម្ម ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមសកលទាំងឡាយនេះ ដើម្បីធានាថា ការពឹង ផ្អែកទៅវិញទៅមក និង សកលភាវូបនីយកម្ម គឺជាការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ។ ការធ្វើ ពាណិជ្ជមិនគួរត្រូវបានប្រើប្រាស់ជាអាវុធដែលបំផ្លាញដល់សន្តិសុខសេដ្ឋកិច្ចពិភពលោកនោះទេ ។
ក្នុងន័យនេះ, អាស៊ាន និង ចិន គឺជាតួអង្គដ៏សំខាន់ ដែលយើងអាចបង្ហាញឧទាហរណ៍ដល់ ពិភពលោកពីផលប្រយោជន៍ដែលកើតចេញពីការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដោយមិន ទោរទន់ទៅរកនិន្នាការគាំពារនិយម, ឯកតោភាគីនិយម ឬ គំនិតជាតិនិយមសេដ្ឋកិច្ច នោះទេ ។ ក្នុងទិសដៅខាងមុខ, អាស៊ាន និង ចិន ត្រូវខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និង ការពឹងពាក់គ្ន ទៅវិញទៅមកបន្ថែមទៀត តាមរយៈការបន្តបើកច្រកទីផ្សារ, ការពង្រឹងការតភ្ជាប់, ការពង្រឹងភាព- ធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់, ការពង្រឹងសមត្ថភាពផលិតកម្មតភ្ជាប់ទៅនឹងការផ្គត់ផ្គង់, ការពង្រឹងកិច្ច សម្រួលពាណិជ្ជកម្ម និង រួមគ្នាជំរុញសកម្មភាពវិនិយោគទៅវិញទៅមក ។ បន្ថែមពីនេះ យើងក៏ត្រូវ ពង្រឹងការគាំទ្រផ្នែកបច្ចេកទេស ជាពិសេសទាក់ទងនឹងអនុលោមភាពនៃលក្ខខណ្ឌទីផ្សារ និង តម្រូវការទីផ្សារ ដែលការគាំទ្រទាំងនេះអាចធានាបានថា ប្រទេសកំពុងអភិវឌ្ឍអាចទាញផល- ប្រយោជន៍បានដោយពិតប្រាកដពីការបើកចំហទីផ្សារ ដែលកើតចេញពីយន្តការពាណិជ្ជកម្មពហុ- ភាគី ។
ឯកឧត្តម, លោកជំទាវ, លោក លោកស្រី!
នៅក្នុងអាណត្តិថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមគូសបញ្ជាក់ពីការប្តេជ្ញាបន្តប្រឹងប្រែង កែលម្អបរិយាកាសធុរកិច្ច និង ការវិនិយោគ តាមរយៈការកាត់បន្ថយចំណាយធុរកិច្ច, និង បង្កើន ប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និង ឡូជីស្ទីក ក្នុងគោលបំណងដើម្បីលើកកម្ពស់ផលិតភាព ឆ្លើយ តបនឹងតម្រូវការរបស់វិនិយោគិនពីគ្រប់មជ្ឈដ្ឋាន ។
កម្ពុជាក៏សូមសម្ដែងនូវការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការសហការជាមួយរដ្ឋាភិបាលនៃប្រទេស នានាក្នុងតំបន់ និង វិស័យឯកជនពីគ្រប់ទិសទី ដើម្បីគាំទ្រសកម្មភាពពាណិជ្ជកម្ម ដែលអាចចូល រួមដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និង ពិភពលោក ។
ជាទីបញ្ចប់, ខ្ញុំមានជំនឿជឿជាក់ថា ពិព័រណ៍ចិន-អាស៊ាន លើកទី ២០ នេះនឹងប្រព្រឹត្តទៅ ប្រកបដោយលទ្ធផលជាផ្លែផ្កា និង សូមជូនពរឱ្យ ឯកឧត្តម, លោកជំទាវ, លោក, លោកសី មាន សុខភាពល្អ និង ទទួលបានជោគជ័យលើគ្រប់ភារកិច្ច ៕
ដោយ ៖ សិលា