ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ស្ត្រីជនសង្ស័យម្នាក់ជាជនជាតិថៃត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ ដើម្បីអនុវត្តតាមនីតិវិធីពាក់ព័ន្ធទៅនឹងករណីលួច។
គួររំលឹកថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឃាត់ខ្លួនស្ត្រីសង្ស័យជាជនជាតិថៃម្នាក់ពីបទលួច ដែលប្រព្រឹត្តកាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ការឃាត់ខ្លួនខាងលើធ្វើឡើងតាមពាក្យបណ្តឹងរបស់ឈ្មោះ ម៉ឹង សុខហេង ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកបានឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះ សារ៉ាបាន់ អុ៊ធុមប្រុន(Saraban Uthumpron) ហៅមុត ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីទទួលបានដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋមរួច កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាត់ការតាមនីតិវិធី ដោយបានធ្វើការកោះហៅឈ្មោះ សារ៉ាបាន់ អុធុមប្រុន(Saraban Uthumpron) ហៅមុត ឱ្យចូលខ្លួនមកបំភ្លឺ ហើយបានសារភាពថាខ្លួនពិតជាបានលួចប្រាក់របស់ក្រុមហ៊ុន (ខារ៉ាអូខេ) របស់ជនរងគ្រោះជាបន្តបន្ទាប់ សរុបចំនួន ១,៣០០,០០០បាត (មួយលានបីសែនបាត) ហើយប្រាក់ដែលលួចបានគឺរូបគេយកទៅលេងល្បែងរហូតចាញ់អស់ពីខ្លួន។ បន្ទាប់មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានធ្វើការឃាត់ខ្លួនដើម្បីចាត់ការតាមនីតិវិធីនិងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ស សម