ព័ត៌មានទាន់ហេតុការណ៍៖

សូមគោរពច្បាប់ចរាចរណ៍.! រថយន្តហាយឡេនឌ័របេីកបំពានភ្លេីងស្តុប​ត្រូវរថយន្តឡិចសុីសLX-570 បុកចំពីចំហៀងរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ​ ៖​ នេះជាមេរៀន​ឬជាបទពិសោធន៍មួយសម្រាប់បងប្អូនប្រជាពលរដ្ឋយេីងដេីម្បីបញ្ចាក់ឱ្យច្បាស់ថា​ ទោះបីយេីងកំពុងតែបេីកបរហេីយត្រូវគេបេីកមកបុកពីក្រោយ​ឬពីចំហៀងក៏ដោយ បេីយេីងមិនគោរពភ្លេីងស្តុប​និងច្បាប់ចរាចរណ៍នោះទេ​ គឺយេីងនៅតែខុស​ ហេីយត្រូវសងថ្លៃខូចខាត​ទៅលេីគេថែមទៀត​ ។

ជាក់ស្ដែងមានបុរសម្នាក់បានបេីករថយន្តម៉ាក​ហាយឡេនឌ័រមួយគ្រឿងក្នុងល្បឿនមធ្យម ខណៈមកដល់ផ្លូវបំបែកជាបួននិងមានសញ្ញាភ្លេីងក្រហមមិនព្រមឈប់ទេគឺរឹតតែបន្តដំណេីរទៅមុខទៀត​ ក៏ត្រូវរថយន្ត​ឡិចសុីសLX-570 បេីកបុកពីចំហៀងពេញទំហឹងបណ្ដាលឱ្យរងការខូចខាត​ ហេីយត្រូវភាគីរថយន្តឡិចសុីសLX-570ទាមទារសំណងនៃការខូចខាត​ ។ 

​     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះកើតឡើងកាលពីវេលាម៉ោង១២ និង២៤នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចភ្លើងស្តុបផ្សារមាន់អាំង តាមបណ្ដោយផ្លូវលេខ៥៩២ កែងនឹងផ្លូវ លេខ៣១៥ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

​     តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុ​ គេឃេីញរថយន្តមួយគ្រឿងម៉ាក​ Toyota ហាយឡេនឌ័រ​ ពណ៌ខ្មៅ​ ពាក់ផ្លាក​លេខភ្នំពេញ​ ភ្នំពេញ2X-4468​ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៣១៥​ ពីជេីងទៅត្បូងក្នុងល្បឿនលឿនល្មម​ ខណៈមកដល់ចំណុចកេីតហេតុដែលជាផ្លូវបំបែកជាបួនមិនព្រមឈប់ភ្លើងស្តុបពណ៌ក្រហមនោះទេ​ បានបន្តដំណេីរទៅមុខថែមទៀត​ ក៏ត្រូវរថយន្តឡិចសុីសLX-570 ពណ៌សមួយគ្រឿង​ ពាក់ផ្លាក​លេខភ្នំពេញ​ 2AW-1111​ ដែលធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៥៩២​ ទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿន​ចាប់ហ្វ្រ័ងមិនទាន់ក៏បុកចំពីចំហៀងរថយន្តហាយឡេនឌ័រ​ បណ្ដាលឱ្យរងការខូចខាត​ តែមិនបង្កឱ្យមានមនុស្សណាម្នាក់រងរបួសនោះឡេីយ​ ។ 

​    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ក្រោយមកខាងភាគីរថយន្តហាយឡេនឌ័រ ព្រមទទួលកំហុស​ក៏បានចេញសំណងថ្លៃខូចខាតទៅឲ្យរថយន្តឡិចស៊ីស570 ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖