ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសបេីករថយន្ត​ Lexus LX-570​ បុករបាំងថ្មនៅភ្លើងស្តុបក្ដាន់ពីរបាក់អស់០២កង់

ចែករំលែក៖

​     ភ្នំពេញ​ ៖​ បុរសម្នាក់ជាជនជាតិបរទេស​សង្ស័យស្រវឹងស្រាបានបើករថយន្ត​ Lexus LX-570 មួយគ្រឿងយ៉ាងលឿន​ ដោយមិនប្រយ័ត្នបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់ពីរកង់ខ្ទាតមកកណ្ដាលផ្លូវ​ ឯរថយន្តរងការខូចខាតយ៉ាងដំណំ​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ២​ រំលងអធ្រាត្រឈានចូលថ្ងៃទី ១៨ ខែកញ្ញាឆ្នាំ ២០២៣ នៅត្រង់ចំណុចភ្លើងស្តុបក្តាន់ពីរ​ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុគេឃេីញរថយន្ត​ Lexus LX -570 ពណ៌ស​ មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2AT-2627​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី​ ទិសដៅពីកេីតមកលិចក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុ​ ក៏បុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឱ្យបាក់អស់ពីរកង់ខ្ទាតមកកណ្ដាលផ្លូវ​ រីឯរថយន្តបង្ករងការខូចខាតយ៉ាងដំណំ​ តែមិនបង្កគ្រោះថ្នាក់ចរាចរណ៍ដល់មនុស្សណាម្នាក់ឡេីយ​ ។ 

​    ក្រោយកេីតហេតុ​ គេឃេីញបុរសម្នាក់ជាជនជាតិបរទេស​បានចុះពីរថយន្តបង្កទាំងស្ថានភាពដូចជាស្រវឹងស្រា​តែមិនរបួសឡេីយ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វើការវាស់វែងនិងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានាពេលក្រោយ​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖