ខេត្តក្រចេះ ៖ ឧបករណ៍បទល្មើសនេសាទតាមដងទន្លេមេគង្គជាច្រើនប្រភេទត្រូវកម្លាំងសហការរបស់ខណ្ឌរដ្ឋបាលជលផលខេត្តបង្ក្រាបយកមកដុតបំផ្លាញចោល។
ការចុះបង្ក្រាបនោះកម្លាំងសហការបានធ្វើឡើងនៅថ្ងៃទី១៦-១៧ខែកញ្ញា ឆ្នាំ២០២៣ ដោយកម្លាំងឆ្មាំទន្លេអភិរក្សសត្វផ្សោតខេត្តក្រចេះសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលថ្មគ្រែ និងសហគមន៍នេសាទ សរុបចំនួន៩នាក់ ប្រើប្រាស់ទូកម៉ាសុីនចំនួន៣គ្រឿងចុះល្បាតត្រួតពិនិត្យ បង្ក្រាបបទល្មើសនេសាទតាមដងទន្លេមេគង្គក្នុងតំបន់គ្រប់គ្រងនិងការពារសត្វផ្សោតមិនឱ្យមានបទល្មើសនោះទេ។
ក្នុងការចុះបង្ក្រាបនោះដែរទទួលបានលទ្ធផល៖
នៅក្រៅតំបន់អភិរក្សសត្វផ្សោតនោះមន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះនិងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ រួមសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឆ្លូង ក្រុមប្រឹក្សាឃុំ និងសហគមន៍នេសាទចុះបង្ក្រាបបទល្មើសជលផលនៅកន្លែងនេសាទបឹងកញ្ជនជ័យ ទួលសោយ និងនៅតាមទំនាបលិចទឹក ក្នុងភូមិថ្មីទី១-ទី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ហើយសម្រចបានលទ្ធផល ដូចខាងក្រោម៖
ទី១-បានរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់រួមមាន៖ របាំងស្បៃមុងចំនួន២៩ខ្សែមានប្រវែង១៦៤០ម៉ែត្រ។
លូស្បៃមុងចំនួន៣២មាត់ លូរបាំងសាច់អួននីឡុងចំនួន០១ខ្សែ ប្រវែង១៥០ម ក្រឡា០២សង់ទីម៉ែត្រ លបរ៉ាវចំនួន៤គ្រឿង ក្រឡាទំហំ២សង់ទីម៉ែត្របង្គោលចម្រឹងប្ញស្សីចំនួន២៥០ដើម។
ទី២-ក្នុងនោះក៏បានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ៣៥០គីឡូក្រាមចូលទៅក្នុងបឹងធម្មជាតិវិញដែរ។
ឧបករណ៍នេសាទដែលចុះរុះរើនោះក៏ត្រូវបានដុតកម្ទេចបំផ្លាញចោលទាំងអស់ផងដែរ៕
ដោយ ៖ ជីវ័ន្ត