ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីទូងស្គរអបអរសាទរ ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ ពិធីទូងស្គរអបអរសាទរ ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នាសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

     ពិធីនេះរៀបចំនៅថ្ងៃទី២០ កញ្ញា ២០២៣ ដឹកនាំដោយលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ នៃសាលារាជធានីភ្នំពេញជាច្រើនកុះករផងដែរ។

      ជោគជ័យនៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ដែលជាមរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬលិង្គបុរ បច្ចុប្បន្នហៅថា កោះកេរ នេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ បិតាស្ថាបនិកសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា និងការបន្តដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ដែលបានបំពេញភារកិច្ចក្នុងការលើកស្ទួយតម្លៃវប្បធម៌ជាតិអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការរក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍជាតិមាតុភូមិ និងការថែរក្សាការពារសម្បត្តិបេតិកភណ្ឌជាតិ ក្រោមព្រះរាជកិច្ចគាំទ្រដ៏វិសេសវិសាលបំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះមហាវររាជមាតាជាតិខ្មែរ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។

    សូមបញ្ជាក់ថា ការប្រារព្ធពិធីទូងស្គរអបអរសាទរនេះ ក៏មានធ្វើនៅតាមក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នានានៅទូទាំងប្រទេស ដើម្បីអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋាន ប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកប្រកបដោយទឹកចិត្តមោទក និងសប្បាយរីករាយចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។ នៅល្ងាចថ្ងៃពុធទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក៏មានការរៀបចំពិធីអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅ ពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ៕

ដោយ ៖ សំរិត


ចែករំលែក៖