ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំសណ្តោងរុឺម៉កបែកកង់មុខរេចង្កូតទៅបុកអ្នកជិះម៉ូតូបណ្តាលឱ្យស្លាប់ម្តាយនិងកូនប្រុសរបួសធ្ងន់

ចែករំលែក៖

    ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់បានស្លាប់ រីឯកូនម្នាក់ទៀតរងរបួសធ្ងន់ ដោយសាររថយន្តធុនធំសណ្តោងរុឺម៉កដឹកថៃលឿបែកកង់មុខហើយរេចង្កូតទៅបុកជនរងគ្រោះកំពុងជិះម៉ូតូបណ្តាលឱ្យស្លាប់ម្តាយ និងរបួសកូនប្រុសធ្ងន់នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣តាមផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ។

   សមត្ថកិច្ចប្រាប់ថា៖ នៅមុនពេលកើតហេតុគេឃើញស្ត្រីម្នាក់បានជិះម៉ូតូហុងដាឌ្រីមពាក់ផ្លាកលេខបន្ទាយមានជ័យ1Z-6300 ឌុបកូនប្រុសនិងវ៉ាលិស១ក្នុងទិសដៅពីលិចទៅកើតហើយពេលនោះមានរថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយក្បាលពាក់ផ្លាកលេខAT22.32019 សណ្តោងរុឺម៉កសម្រាប់ដឹកថៃលឿពាក់ផ្លាកលេខកណ្តាល4A.0322 បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីកើតទៅលិច ពេលបើកមកដល់កន្លែងកើតហេតុបានបែកកង់មុខរេចង្កូតមកខាងឆ្វេងបុកស្រ្តីរងគ្រោះកំពុងជិះម៉ូតូម្តាយនិងកូនប្រុសបណ្តាលឱ្យស្លាប់ម្តាយនៅនឹងកន្លែងកើតហេតុ ចំណែកកូនប្រុសរបួសធ្ងន់ត្រូវបានសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

    ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកអូរជ្រៅបានមកសម្រួលចរាចរណ៍និងធ្វើការវាស់វែង ហើយបានបញ្ជាក់ថាមូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយរថយន្តធុនធំបើកបរលឿនបែកកង់មុខខាងឆ្វេងធ្វើឱ្យរេចង្កូតទៅបុកអ្នកជិះម៉ូតូបណ្តាលឱ្យស្លាប់ម្នាក់ជាស្ត្រីនិងកូនប្រុសរបួសធ្ងន់ដែលមានវ៉ាលិស១មានខោអាវនិងកាបូបតូចមួយក្នុងនោះមានលុយបាត៥ដុំស្មើជិត៥០ម៉ឺនបាតនិងខ្សែកមាស២ខ្សែរួមទាំងសម្ភារមួយចំនួនទៀតត្រូវបានរក្សាទុកនៅកន្លែងសមត្ថកិច្ចដើម្បីទុកជូនសាច់ញាតិមកទទួលយកសាកសព ចំណែករថយន្តនិងម៉ូតូត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅដើម្បីចាត់ការតាមច្បាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖