ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុយ វណ្ណៈ ផ្តល់បទពិសោធន៍ និងការទទួលខុសត្រូវ លើវិស័យព័ត៌មាន អំពី «សុជីវធម៌ & ក្រមសីលធម៌» សម្រាប់អ្នកធ្វើការក្នុងទម្រង់ផ្សព្វផ្សាយជាសាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកសារព័ត៌មានអាជីព ប្រកបដោយវិជ្ជាជីវៈ សីលធម៌ វិជ្ជាជីវៈ បទពិសោធន៍ ពហុជំនាញ គួបផ្សំសមត្ថភាព ចំណេះដឹង ជាមូលដ្ឋានសរសេរដោយគ្រឹះរឹងមាំ ទាំងអក្សរសិល្ប៍ , លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជា ប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានសំណេរ លើ facebook ផ្លូវការ របស់លោក ជា ពុទ្ធិ ចែករំលែក ចំណេះដឹង ជាយ័ន្តការពារ អ្នកសារព័ត៌មាន ចំនួន ៤ចំណុច សំខាន់ៗថា : 

«សុជីវធម៌ & ក្រមសីលធម៌» សម្រាប់អ្នកធ្វើការក្នុងទម្រង់ផ្សព្វផ្សាយជាសាធារណៈ គួរយល់ដឹង!

១/. គោលការណ៍ “Off the Record” គឺ ការស្នើសុំមិនឱ្យបញ្ចេញឈ្មោះ។ ប្រភពមួយចំនួនចង់និយាយប្រាប់អ្នកកាសែតឬអ្នកផ្សាយ តែគេស្នើសុំលាក់ឈ្មោះ។ ដូច្នេះ អ្នកត្រូវគោរពគោលការណ៍នេះ។ បើអ្នកមិនគោរព គឺប្រភពអាចឈប់និយាយរក ឬឈប់ផ្តល់ដំណឹងឱ្យ ហើយអ្នកក៏មានកំហុសជាសីលធម៌លើចំណុចនេះដែរ។

២/. ចុះបើប្រភពស្នើសុំកុំឱ្យថត Live? លើបញ្ហាផ្ទាល់ខ្លួនបុគ្គល បើគេស្នើ គឺគប្បីស្តាប់ហេតុផលរបស់អ្នកស្នើសុំ ពីព្រោះ «សេរីភាព» វាអត់ធំជាង «សិទ្ធិមនុស្ស & តម្លៃមនុស្ស» ទេ។ បើអ្នកនៅតែបំពានលើសិទ្ធិគេ ហើយគេមិនសុខចិត្ត នោះគេមានសិទ្ធិតាមផ្លូវច្បាប់ ប្តឹងអ្នកទៅតុលាការដើម្បីរកយុត្តិធម៌បាន ចំពោះការបំផ្លាញឯកជនភាពរបស់គេ។ សូម្បីនៅក្នុងកិច្ចប្រជុំខ្លះ គេមានសិទ្ធិមិនអនុញ្ញាតឱ្យអ្នកផ្សាយចូលទៅ ហើយសូម្បីក្នុងដំណើរការក្តីរបស់តុលាការ គឺតុលាការអាចបើកសវនាការជំនុំជម្រះជាអសាធារណៈបានដែរ លើករណីខ្លះ។ វាជាក្រឹត្យក្រមនៃ «ក្រមសីលធម៌ & វិជ្ជាជីវៈ» ដែលអ្នកត្រូវតែយល់ដឹង និងអនុវត្ត។

៣/. ការបិទបាំងអត្តសញ្ញាណ ៖ កុមារ ជនសង្ស័យ ជនរងគ្រោះ អ្នកជំងឺ រូបភាពព្រៃផ្សៃ ឃាតកម្ម អត្តឃាត ហិង្សា គឺសុទ្ធតែជាក្រុមជនដែលត្រូវការពារទាំងតម្លៃមនុស្ស និងផលប៉ះពាល់យូរអង្វែង។ រូបភាពទាំងនេះ សុទ្ធតែប៉ះពាល់ដល់ចិត្តសាស្ត្រសង្គម និងសីលធម៌សង្គម។ ដូច្នេះហើយ កន្លងមកយើងធ្លាប់ឃើញកាសែតមានវិជ្ជាជីវៈ ប្រើឈ្មោះសំគាល់ ត្រឹមអក្សរកាត់ ដាក់ថា នាងរងគ្រោះឈ្មោះ ស. រ … ដើម្បីការពារតម្លៃនាង អនាគតនាង និងក្រុមគ្រួសារទាំងមូល កុំឱ្យសង្គមរើសអើង។ កុំប្រាប់ថា អ្នកនេះព្រម អ្នកនោះអនុញ្ញាតឱ្យធ្វើ! មិនទេ គឺបង្ហាញមិនបានទេ។ អ្នកគឺជាជនដំបូងគេបំផុត ដែលត្រូវយល់ដឹងពីសុជីវធម៌ និងក្រមសីលធម៌នេះ ហើយមានកាតព្វកិច្ចចូលរួមការពារអត្តសញ្ញាណតម្លៃគាត់ និងតម្លៃមនុស្សជារួម។

៤/. ចុះបើលោកអ្នកដែលមិនទាន់យល់ដឹងលើក្រមសីលធម៌នេះ ហើយបែរជាបកស្រាយវិញថា ការលាតត្រដាងនេះដើម្បីជួយ រួមទាំងជួយផ្នែកមនុស្សធម៌ផង? ចម្លើយខ្លី៖ បើចង់ជួយ ក៏គេមិនជ្រើសយកវិធីជួយតាមរបៀប «ដុតផ្ទះ ដើម្បីស្ងោរពងមាន់នោះដែរ» ហើយក៏មិនអាចយកហេតុផល ដើម្បីប្រមូលលុយ ១០០$ ឬ១ម៉ឺនដុល្លារ ដូរជាមួយតម្លៃនៃជីវិតមនុស្សនោះទេ។ លុយ មិនអាចទូទាត់ជាមួយជីវិតមនុស្សទេ។ កន្លងមក ខ្ញុំធ្លាប់ទាមទារឱ្យអង្គការបរទេសមួយ សុំទោសស្ត្រីខ្មែរ ដោយសារតែដើម្បីការស្វែងរកប្រាក់ជំនួយ ស្រាប់តែគាត់ផលិតរឿងអំពីស្ត្រីខ្មែរយើងថា «ម្តាយលក់កូន ដោយសារតែភាពក្រីក្រ» ផ្សាយនៅទូរទស្សន៍ CNN។ ទឹកចិត្តជួយគ្នា គឺជារឿងដ៏ត្រឹមត្រូវ ប៉ុន្តែត្រូវខិតខំរកវិធីដែលត្រឹមត្រូវដើម្បីជួយ ជួយឱ្យត្រូវ ហើយត្រូវមុខជំនាញ និងគណនាឱ្យបានគ្រប់ទិដ្ឋភាព ទាំងលើរបៀបធ្វើ និងផលប៉ះពាល់យូរអង្វែង។

លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជា ប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានលើកថា : ការចែករំលែកខាងលើនេះ គឺជាធម្មទាន ក្នុងបំណងល្អ សម្រាប់ការពារតម្លៃវិជ្ជាជីវៈ ការពារតម្លៃមនុស្ស និងលើកតម្កើងតម្លៃសីលធម៌សង្គមរបស់យើងទាំងមូល។

សូមបញ្ជាក់ថា : លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជា ប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) គាត់បានចំណាយពេល ផ្តល់ចំណេះដឹង បទពិសោធន៍ ប្រយោជន៍ កសាង ធនធានមនុស្ស លើវិស័យ សារព័ត៌មាន បានច្រើន តាមរយៈ បើកវគ្គបណ្តុះបណ្តាល លើវិស័យព័ត៌មាន ជាមួយ គ្រូឧទ្ទេសនាម មាន បទពិសោធន៍ លើគ្រប់ជំនាញ ដើម្បី អ្នកសារព័ត៌មាន មាន គុណភាព ៕ 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖