ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រជុំបូកសរុបវាយតម្លៃប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ រយៈពេល៩ខែ

ចែករំលែក៖

  ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចប្រជុំបូកសរុបវាយតម្លៃ កិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ រយៈពេល៩ខែ ឆ្នាំ២០២៣ និងផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីការបង្កើនប្រសិទ្ធភាពការងារលិខិតស្នាមរដ្ឋបាល របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស្រូយ អាប៊ូទី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងមានការចូលរួមពីនាយការិយាល័យជំនាញទាំង១០។

ជាកិច្ចចាប់ផ្ដើម លោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យរដ្ឋបាល-សរុប នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឡើងអានសេចក្ដីណែនាំលេខ០០៩ សណន ស្ដីពីការបង្កើនប្រសិទ្ធភាពការងារលិខិតរដ្ឋបាល របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍អំពីសភាការណ៍កិច្ចប្រតិបត្តិការបទល្មើស ០៩ខែ ឆ្នាំ២០២៣។

បន្ទាប់ពីស្ដាប់នូវសេក្ដីរាយការណ៍របស់នាយការិយាល័យជំនាញទាំងអស់រួចរាល់ហើយនោះ, លោកឧត្តមសេនីយ៍ទោ ស្រូយ អាប៊ូទី បានធ្វើការវាយតម្លៃខ្ពស់ និងនាំយកការកោតសរសើររបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងទទួលបានលទ្ធផលល្អនៅពេលនេះ។

ដើម្បីឆ្លើយតបឲ្យលទ្ធផលការងារមានប្រសិទ្ធភាពតាមគោលការណ៍ណែនាំ ព្រមទាំងប្រសិទ្ធភាពក្នុងការអនុវត្តការងារជំនាញកិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់បទល្មើសនាពេលបច្ចុប្បន្ន និងឆ្នាំខាងមុខ លោកឧត្តមសេនីយ៍ទោ ស្រូយ អាប៊ូទី បានធ្វើការណែនាំនូវការងារសំខាន់ៗ ចំនួនដូចជា៖

*ទី១៖ តស៊ូករណីសំខាន់ៗមួយចំនួន ដែលកើតឡើងមិនទាន់បង្ក្រាបបាន

*ទី២៖ ជំរុញក្រុមការងារបង្ការ និងបង្ក្រាបបទល្មើសលួច ឆក់ទាំង៤ក្រុម នៅរាជធានីភ្នំពេញ

*ទី៣៖ ជំរុញ និងតាមដានក្រុមការងារជំនាញទាំង៦ សម្រាប់ពង្រឹងការងារព្រហ្មទណ្ឌតាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

*ទី៤៖ បង្កើតការងារគ្រប់គ្រងមុខសញ្ញាព្រហ្មទណ្ឌជាមូលដ្ឋាន ដូចជា៖ មុខសញ្ញាក្រុមក្មេងទំនើង, មុខសញ្ញាមានដីកាបង្គាប់ឲ្យចាប់ខ្លួន, មុខសញ្ញាពិរុទ្ធជន ទណ្ឌិតដោះលែងពីពន្ធនាការ និងមុខសញ្ញាសេសសល់ក្នុងករណីបង្ក្រាមមិនទាន់អស់

*ទី៥៖ តាមដានចំណាត់ការលើសំណុំរឿងបានបញ្ជូនទៅស្ថាប័នតុលាការ ពិសេសបទល្មើសឧក្រិដ្ឋ៕

ដោយ៖ សហការី​


ចែករំលែក៖