កន្លងមកយើងធ្លាប់តែបានឃើញក្បួនព្យុហយាត្រាយោធានិងសព្វាវុធទំនើបៗរបស់កូរ៉េខាងជើង។ នៅក្នុងពេលនេះកូរ៉េខាងត្បូង ក៏បានដង្ហែក្បួនព្យហយាត្រាដោយបង្ហាញអាវុធទំនើបៗផលិតដោយបច្ចេកវិទ្យាកូរ៉េខាងត្បូងផ្ទាល់។
ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានផ្សាយថា នៅថ្ងៃអង្គារនេះកូរ៉េខាងត្បូងបានរៀបចំព្រឹត្តិការណ៍ព្យុហយាត្រាយោធាលើកដំបូងរបស់ខ្លួនក្នុងរយៈពេប្រមាណ១ទសវត្សរ៍ ដើម្បីបង្ហាញសាច់ដុំសព្វាវុធទំនើបៗ ចំពោះមុខការធ្លាក់ដុនដាបនៃទំនាក់ទំនងជាមួយកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ។
សម្រាប់កូរ៉េខាងជើង ការធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំ តែងតែប្រព្រឹត្តទៅជាប្រចាំ ប៉ុន្តែព្រឹត្តិការណ៍បែបនេះនៅកូរ៉េខាងត្បូងជាធម្មតាគឺរៀបចំឡើងរៀងរាល់៥ឆ្នាំម្តង ដើម្បីអបអរទិវាកងកម្លាំងប្រដាប់អាវុធនៃប្រទេសរបស់ខ្លួន ដែលត្រូវចំថ្ងៃទី១ ខែតុលា។ ព្យុហយាត្រាយោធាចុងក្រោយនៅកូរ៉េខាងត្បូងត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៣។ ៥ឆ្នាំក្រោយមក លោក មូន ជេអ៉ីន (Moon Jae In) ដែលកាលនោះជាប្រធានាធិបតីកូរ៉េខាងត្បូង បានសម្រេចប្រារព្ធពិធីអបអររបៀបផ្សេងវិញ ជំនួសឱ្យព្រឹត្តិការណ៍ព្យុហយាត្រាយោធា ដែលស្របតាមគោលនយោបាយផ្សះផ្សារបស់លោកជាមួយកូរ៉េខាងជើង។
នាថ្ងៃអង្គារនេះ កងទ័ពសរុបប្រហែល៦,៧០០នាក់បានធ្វើព្យុហយាត្រានៅកណ្តាលទីក្រុងសេអ៊ូល និងអមដោយសម្ភារយោធា និងសព្វាវុធសរុប ៣៤០គ្រឿង ដែលរួមមានទាំងយន្តហោះដ្រូន ដ្រូនក្រោមទឹក រថក្រោះ និងមីស៉ីល ជាដើម។ យ៉ាងណាក្តី គម្រោងហោះហើរសម្តែងដោយយន្តហោះចម្បាំងដ៏ទំនើប F-35 ត្រូវបានលុបចោលវិញ ដោយសារតែអាកាសធាតុមិនអំណោយផល ដ្បិតព្យុហយាត្រាយោធានោះបានប្រព្រឹត្តទៅទាំងក្រោមមេឃភ្លៀង។ ទន្ទឹមគ្នាក៏មានការធ្វើព្យុហយាត្រាយោធានៅមូលដ្ឋានទ័ព Seoul Air Base ក្នុងទីក្រុងសឹងណាំ (Seongnam) ភាគខាងត្បូងទីក្រុងសេអ៊ូល និងជាទីដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានចូលរួមផងដែរ៕ ដោយ៖ ធីរីណា
រូបថត៖ Yonhap