ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ២ ដែលមានទឹកប្រាក់សរុបចំនួន ១៤០ លានដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ នាព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៣នេះ​ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ 

ជាក់ស្ដែង​នៅក្នុង​សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បានឱ្យដឹងនាព្រឹកថ្ងៃទី ២៦ ខែកញ្ញានេះថា៖ នៅទីស្តីការក្រសួង លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Jyotsana Vamma នាយិកា ស្ថានតំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់កម្មវិធីចំនួន ២ ដែលមានទឹកប្រាក់សរុបចំនួន ១៤០ លានដុល្លារអាមេរិក ដូចខាងក្រោម៖

*១- កម្មវិធីកែទម្រង់វិមជ្ឈការសេវាសាធារណៈ និងហិរញ្ញវត្ថុ​ ជំហាន២ – អនុកម្មវិធី​ ទី​ ២ មានគោលបំណង រួមចំណែកគាំទ្រកម្ពុជាក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីថ្នាក់ក្រោមជាតិ សំដៅធ្វើឱ្យប្រជាពលរដ្ឋកាន់តែ ងាយស្រួល ក្នុងការទទួលបានសេវាសាធារណះ ដោយផ្តោតលើ ១).ការលើកកម្ពស់ការធ្វើផែនការ និងថវិកាថ្នាក់ក្រោម ជាតិ; ២). ការពង្រឹងការគ្រប់គ្រងចំណូល និងចំណាយ; និង ៣). ការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ។ កម្មវិធីនេះគ្រោងនឹងចំណាយថវិកាសរុប ៤០ លានដុល្លាអាមេរិក ដែលជាឥណទានសម្បទានទាំងស្រុងរបស់ ADB ដឹកនាំអនុវត្តដោយគណះកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ។

*២- កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ច នាអនាគត – អនុកម្មវិធីទី ១ មានគោលបំណងធ្វើឱ្យប្រសើរឡើង នូវអត្រាមានការងារធ្វើបច្ចុប្បន្ន និងទៅអនាគត តាមរយៈការធ្វើកំណែទម្រង់គោលនយោបាយ និងការវិនិយោគតម្រោង ដើម្បីពង្រឹងការអភិវឌ្ឍជំនាញ ។ កម្មវិធីនេះនឹងពង្រឹងការបណ្តុះបណ្ដាលក្នុងវិស័យឧស្សាហកម្ម ប្រកបដោយបរិយាប័ន្ទ ព្រមទាំងបង្កើនធនធានសម្រាប់ការអភិវឌ្ឍជំនាញ ដែលឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការការងារ ។ កម្មវិធីនេះគ្រោង នឹងចំណាយថវិកាសរុប ១៣១,៣០ លានដុល្លាអាមេរិក ក្នុងនោះ ឥណទានសម្បទានរបស់ ADB ប្រមាណ ១០០ លាន ដុល្លាអាមេរិក ដែលដឹកនាំអនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ ។

ពិធីចុះហត្ថលេខានាពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ, ការគាំទ្រ និងការជឿទុកចិត្តខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់ ADB ។ ជារួម, គោលបំណងនៃកម្មវិធីទាំង ២ ដែលទើបត្រូវបានចុះហត្ថលេខានេះ នឹងចូលរួមឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទៅនឹងគោលនយោបាយរបស់រាជ រដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ជាពិសេស យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី ១ ដែល សម្តេចមហាបវរធិបតី​ហ៊ុន ម៉ាណត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបបានប្រកាសដាក់ចេញសម្រាប់អនុវត្ត កាលពីពេលថ្មីៗកន្លងទៅ។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែល ADB បាន ផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ៤៩ ប៊ីលានដុល្លារអាមេរិក ក្នុងនោះ ឥណទានសម្បទាន មាន ទឹកប្រាក់សរុបចំនួនប្រមាណ ៤,៤ ប៊ីលានដុល្លារអាមេរិក សម្រាប់អនុវត្តតម្រោង/ កម្មវិធីចំនួន ១៣៧ និងហិរញ្ញប្បទាន ឥតសំណងមានទឹកប្រាក់សរុបចំនួនប្រមាណ ៥៦៨ លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង/ កម្មវិធីចំនួន ៧០ ។ 

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការផ្តល់ហិរញ្ញប្បទានសហប្រតិ- បត្តិការរបស់ ADB ដែលបាន និងកំពុងរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕ដោយ​៖សហការី​

ខាងក្រោមនេះ​ជាសេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​៖


ចែករំលែក៖