ភ្នំពេញ៖ នាព្រឹក ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលបដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅ និងបានពិភាក្សាការងារជាមួយលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ និង គណៈប្រតិភូជាន់ខ្ពស់ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។
ជាកិច្ចចាប់ផ្តើម, សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមសេដ្ឋា ថាវីស៊ីន និងគណៈប្រតិភូជាន់ខ្ពស់ មកកាន់ព្រះរាជាណាចក្រកម្ពុជា និងចំពោះការជ្រើសរើសកម្ពុជា ជាប្រទេសដំបូង សម្រាប់ការបំពេញទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ក្នុងនាមជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ។ សម្តេចធិបតី ក៏បានសម្តែងនូវការអបអរសាទរជាថ្មីម្តងទៀត ជូនចំពោះ លោក សេដ្ឋា ថាវីស៊ីន ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ នៅថ្ងៃតែមួយ ស្របគ្នាទៅនឹងការជ្រើសតាំងជានាយករដ្ឋមន្រ្តីរបស់ សម្តេចធិបតី ផងដែរ ។
ជាការឆ្លើយតប, លោក សេដ្ឋា ថាវីស៊ីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ប្រកបដោយភាតរភាព និងក៏បានអបអរសាទរដោយផ្ទាល់ចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ផងដែរ ។
ជាកិច្ចបន្ទាប់, ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានពិភាក្សាគ្នា ដោយយកចិត្តទុកដាក់ និង ដោយស្និទ្ធស្នាល អំពីវិស័យនៃកិច្ចសហការទ្វេភាគីកម្ពុជា-ថៃ ដែលមានភាពសម្បូរបែប និងទូលំទូលាយ ។ កិច្ចពិភាក្សាបានផ្តោតជាសំខាន់ទៅលើវិស័យគន្លឹះ ដោយរាប់ចាប់ពី វិស័យពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍, ការអប់រំ, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, កិច្ចការទូត, ទំនាក់ទំនងធុរកិច្ច, ទំនាក់ទំនង ប្រជាជន និង ប្រជាជន, ការតភ្ជាប់រវាងប្រទេសទាំងពីរ តាមផ្លូវអាកាស, ផ្លូវរថភ្លើង និង ផ្លូវថ្នល់, សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង, កិច្ចការពាក់ព័ន្ធនឹងអន្តោប្រវេសន៍ រហូតដល់វិស័យសន្តិសុខឆ្លងដែននិង សន្តិសុខអនឡាញ ។ ជាមួយគ្នានេះ, ថ្នាក់ដឹកនាំទាំងពីរក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តពិភាក្សា និង សហការគ្នា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ទទួលបានផ្លែផ្កា សម្រាប់ជាឧត្តមប្រយោជន៍ទាំងសងខាង ។
មុននឹងបញ្ចប់, ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ទៅវិញទៅមក និងមានជំនឿដ៏មុតមាំថា កិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ដែលនឹងកាន់តែរីកចម្រើន និងរឹងមាំថែមទៀត ។
ជាកិច្ចបញ្ចប់, សម្តេចធិបតី បានអញ្ជើញលោក សេដ្ឋា ថាវីស៊ីន និង គណៈប្រតិភូជាន់ខ្ពស់ ចូលរួមពិធីជប់លៀងផ្លូវការ និង បានជូនពរដល់លោក និង គណៈប្រតិភូ ទាំងអស់ ទទួលបាននូវជោគជ័យដ៏ថ្លៃថ្លា នៅក្នុងការបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និង សូមឱ្យការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ៕
ដោយ៖ស តារា