ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋស្រុកស្រែអំបិល និងស្រុកថ្មបាំង បន្តរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ចែករំលែក៖

ខេត្តកោះកុង៖ អាជ្ញាធរខេត្តកោះកុងបង្ហាញថា រយៈ ពេល៣ថ្ងៃមកនេះ លំនៅដ្ឋានពលរដ្ឋ,ដីស្រែចម្ការ,សត្វចិញ្ចឹម និងផ្លូវមួយបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងជាបន្តបន្ទាប់ ទោះយ៉ាងណាមិនមានមនុស្សស្លាប់ដោយហេតុការណ៍នេះទេ។

លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង បានឱ្យដឹងនៅម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៣ថា ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកស្រែអំបិល និងស្រុកថ្មបាំងសរុប១៣៣គ្រួសារ បានរងការជន់លិចផ្ទះសម្បែង ក្រោយមានបរិមាណទឹកភ្លៀងច្រើនហូរជន់ពីជ្រលងភ្នំធ្លាក់ចូលមកតាមដៃស្ទឹង។

បើតាមលោកស្រីអភិបាលរងខេត្ត ក្រៅពីលំនៅដ្ឋានពលរដ្ឋ ក៏មានផ្លូវលំជាច្រើនរងជន់លិច ខណៈទឹកមិន ទាន់ស្រក រីឯផ្លូវតំបន់ខ្លះទៀត ទឹកបានស្រកថមថុយផងដែរ។ ទោះយ៉ាងណា មានសត្វគោ និងសត្វមាន់ទាសរុប១០១ក្បាលបានងាប់ ក៏ដូចជាបាត់ខ្លួន។ ចំពោះអាយុជីវិតពលរដ្ឋគ្មាននរណាម្នាក់បាត់បង់នោះឡើយ។ 

មូលដ្ឋានដែលរងផលប៉ះពាល់ខាងលើមានប្រជាពលរដ្ឋរស់នៅឃុំជំនាប់ ឃុំជីផាត ស្ថិតនៅក្នុងស្រុកថ្មបាំង និងឃុំជីខលើ ស្រុកស្រែអំបិល។ អាជ្ញាធរខេត្ត និងសមត្ថ កិច្ច ក៏បានអំពាវនាវដល់ពលរដ្ឋត្រូវបានបង្កើនការប្រុង ប្រយ័ត្នអំពីការប្រែប្រួលអាកាសធាតុនេះ ពិសេសសូមប្រញាប់រាយការណ៍មកអាជ្ញាធរមូលដ្ឋានដែលនៅជិតបងប្អូនឱ្យបានទាន់ពេលវេលា ដើម្បីអន្តរាគមន៍សង្រ្គោះ។

កន្លងទៅ នៅពេលមានឥទ្ធិពលព្យុះភ្លៀងម្តងៗ ស្រុក ស្រែអំបិល និងស្រុកថ្មបាំង ងាយនឹងប្រឈមរងផលប៉ះពាល់ជាងគេ ខណៈមូលដ្ឋានស្រុកទាំង២មានពលរដ្ឋរស់នៅតាមជ្រលងភ្នំ និងដៃព្រែកស្ទឹង៕

ដោយ៖ សូរិយា


ចែករំលែក៖