ព័ត៌មានទាន់ហេតុការណ៍៖

គណៈឃោសនាអប់រំគណៈកម្មាធិការកណ្តាលបើកវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត១ ជំនាន់ទី៧៦ ក្រោមអធិបតីភាព លោក ឯក សំអុល

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ គណៈឃោសនាអប់រំគណៈកម្មាធិការកណ្តាល បានបើកវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត១ ជំនាន់ទី៧៦ ក្រោមអធិបតីភាពលោកឯក សំអុល សមាជិកគណៈ អចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល ។ អញ្ជើញចូល រួមក្នុងពិធីនោះ រួមមានប្រធាន អនុប្រធានគណៈជុំវិញគណៈកម្មាធិការកណ្តាល និងមានសិក្ខាកាម ចំនួន ១៣១ នាក់ ជាមន្ត្រីរបស់គណបក្សមកពីក្រសួងស្ថាប័ន រាជធានី ខេត្ត ក្រុង សុ្រក ខណ្ឌ ។ 

មានប្រសាសន៍នាឱកាសនោះ លោក ឯក សំអុល បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី៧៦ ស្របពេលដែលសភាព ការណ៍ទូទៅរបស់ប្រទេសជាតិ កំពុងមានការវិវត្តន៍ដ៏ល្អក្នុងដំណើរឆ្ពោះទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិប តេយ្យ និងអភិវឌ្ឍន៍ បន្ទាប់ពីគណបក្សយើងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។លោកបានពាំនាំការសួរ សុខទុក្ខ និងជូនពរពីសំណាក់សម្តេចប្រធានគណបក្ស សម្តេចប្រធានកិត្តិយសគណបក្ស សម្តេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សទាំងអស់ ជូនដល់សិក្ខាកាម ក៏ដូចមន្រ្តីបម្រើការងារក្នុងវគ្គអប់រំនយោបាយនេះ ដោយក្តីនឹករឭក និងស្រឡាញ់ដ៏ជ្រាលជ្រៅ ។

លោក ឯក សំអុល បានលើកឡើងថា ការអប់រំនយោ បាយដល់មន្រ្តីគណបក្ស គឺជាការងារដ៏មានសារៈសំខាន់មួយ ដែលគណបក្សតែងតែយកចិត្តទុកដាក់តាំងពីដើមរៀងមក ទាំងនៅក្នុងសម័យតស៊ូរំដោះជាតិ ក៏ដូចក្នុងពេលដែលគណបក្សបានកាន់អំណាចដឹកនាំប្រទេស ជាពិសេសការដឹកនាំក្នុងរបបប្រជាធិបតេយ្យ សេរីពហុ បក្សបច្ចុប្បន្ននេះ ។ 

ការរៀបចំវគ្គអប់រំនយោបាយមានគោលបំណងលើក កម្ពស់សមត្ថភាព និងគុណធម៌របស់មន្រ្តីគណបក្ស ព្រមទាំងពង្រឹងការឯកភាពផ្ទៃក្នុងខ្ពស់អំពីទស្សនៈ គោលជំហរ និងសកម្មភាព ដើម្បីធានាជោគជ័យក្នុងការអនុវត្តកម្មវិធីនយោបាយ គោលការណ៍ គោល នយោបាយ និងសេចក្តីសម្រេចនានារបស់គណបក្ស ។ ព្រមជាមួយនេះ ការងារអប់រំនយោបាយក៏ជាថ្នាលដ៏សំខាន់មួយសម្រាប់បណ្តុះបណ្តាល និងបំពាក់បំប៉នកម្លាំងបន្តវេនរបស់គណបក្សផងដែរ ។ គប្បីចងចាំថា មន្រ្តី គឺជាស្ពានតភ្ជាប់រវាងគណបក្ស និងប្រជាជន ដូច្នេះស្ពាននេះត្រូវតែរឹងមាំ ទើបចំណងទាក់ទងរវាងគណបក្សជាមួយប្រជាជនអាចរឹងមាំបាន ។

លោកបានលើកទៀតថា វគ្គនេះ ទោះបីមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែជាឱកាសមួយដ៏មានតម្លៃសម្រាប់សិក្ខាកាមគ្រប់ៗរូប ។ ព្រមជាមួយនេះ វគ្គអប់រំនយោបាយក៏ជាឱកាសដែលមន្រ្តីយើងមកពី បណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត បានស្គាល់គ្នា បានផ្លាស់ប្តូរការយល់ដឹង និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ព្រមទាំងរឹតចំណងសាមគ្គីភាពផ្ទៃក្នុងគណបក្សឲ្យកាន់តែរឹងមាំឡើងថែមទៀត ៕

ដោយ៖ សូរិយា


ចែករំលែក៖