ខ្សែការពារ Lisandro Martinez របស់ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរំពឹងថា នឹងអវត្តមានពី២ទៅ ៣ខែដោយសាររបួសជើង។កីឡាករអន្តរជាតិអាហ្សង់ទីនអាយុ២៥ឆ្នាំរូបនេះបានខកខានបង្ហាញខ្លួននៅចុងបញ្ចប់នៃរដូវកាលមុនបន្ទាប់ពីបានបាក់ឆ្អឹងនៅនឹងជើងកាលពីខែមេសា។
គាត់បានត្រលប់មកលេងវិញនៅដើមរដូវកាលនេះ ប៉ុន្តែ United អះអាងថា កីឡាកររូបនេះនឹងត្រូវអវត្តមានម្តងទៀតដោយសាររបួសកាន់តែធ្ងន់ធ្ងរ។ ក្លិបថា Martinez “បានជួបប្រទះនឹងការធ្លាក់ចុះនៅក្នុងការប្រកួត Premier League របស់យើងជាមួយនឹងក្រុម Arsenal កាលពីដើមខែនេះ” ។
ក្លិបបិសាចក្រហមបញ្ជាក់ថា “ឥឡូវនេះវាត្រូវបានគេកំណត់ថាគាត់ត្រូវការរយៈពេលមួយនៅខាងក្រៅសម្រាប់ការជាសះស្បើយ និងការស្តារនីតិសម្បទា។ ការវាយតម្លៃពីរបួសកំពុងបន្តដើម្បីកំណត់ជំហានបន្ទាប់”។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រអ្នកចាត់ការលោក Erik ten Hag បាននិយាយថា “វាពិតជាសោកស្ដាយណាស់សម្រាប់គាត់ និងក្រុម ពីព្រោះគាត់មិនសម១០០%។ ខ្ញុំគិតថាវាជាភាពខុសគ្នាដ៏ធំមួយ Martinez នៅក្នុងការប្រកួតចុងក្រោយ និង Martinez ដែលយើងបានឃើញនៅក្នុងរដូវកាលមុន” ។
Martinez បានបង្ហាញខ្លួនពេលក្រុម Man Utd ជួបជាមួយ Wolves, Tottenham និង Nottingham Forest មុនពេលលេងចាញ់ Arsenal ៣–១កាលពីថ្ងៃទី៣ ខែកញ្ញា។ គាត់បានបន្តបង្ហាញខ្លួនក្នុងក្រុមដោយលេងចាញ់ Brighton និង Bayern Munich ប៉ុន្តែបន្ទាប់មកឈ្នះ Burnley នៅ Premier League និងឈ្នះ Crystal Palace នៅ League Cup។
Martinez បានចូលរួមជាមួយ United ពី Ajax កាលពីខែកក្កដាឆ្នាំមុនក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់៥៧លានផោន ហើយបានជួយឱ្យពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣នៅ Premier League និងឈ្នះពានរង្វាន់ Carabao Cup ។
ដោយគ្មាន Martinez ក្រុមបិសាចក្រហម Man Utd បានបរាជ័យយ៉ាងអាម៉ាស់ក្នុងទឹកដីរបស់ខ្លួនកាលពីថ្ងៃទី៣០ ខែកញ្ញា ក្រោមថ្វីជើងក្រុមភ្ញៀវ Crystal Palace ក្នុងលទ្ធផល១ទល់០ ដែលលទ្ធផលនេះធ្វើឲ្យក្រុមបិសាចក្រហមបានបរាជ័យ២លើកក្នុងទឹកដីនៃការប្រកួតនៅ Premier League រដូវកាលនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)