ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារចុះជួយខេត្តពោធិ៍សាត់ បានផ្តល់អង្ករប្រមាណជាង២០តោន ដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អង្ករប្រមាណជាង២០តោន ជាអំណោយដ៏ថ្លៃថ្លា របស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ ត្រូវបានលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងលោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងក្រុមការងារ នាំយកប្រគល់ជូនជាបន្តបន្ទាប់ ជូនដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ប្រមាណ១,០៥៦គ្រួសារ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ ដើម្បីរួមចំណែកដោះស្រាយជីវភាពពលរដ្ឋកំពុងជួបការលំបាក។

នៅចំពោះមុខប្រជាពលរដ្ឋរងគ្រោះ លោកបណ្ឌិត ប្រាំង ជលសា និងលោក ខូយ រីដា បានថ្លែងថា ជានិច្ចជាកាលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី តែងតែយកចិត្តទុកដាក់គិតគូរ ដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ជាក់ស្តែងថ្មីៗនេះ សម្តេចក៏បានណែនាំដល់បណ្តាអភិបាលខេត្តពាក់ព័ន្ធ និងក្រុមការងារ ត្រូវតាមដាន និងក្តាប់ឱ្យជាប់នូវបញ្ហាប៉ះពាល់នៃទឹកជំនន់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសត្រូវយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

លោកបណ្ឌិត ប្រាំង ជលសា និងឯកឧត្តម ខូយ រីដា បានថ្លែងទៀតថា បើទោះបីជាពេលនេះ ឯកឧត្តមប្រធានក្រុមការងារចុះជួយខេត្ត កំពុងជាប់បំពេញបេសកកម្មនៅក្រៅប្រទេសក៏ដោយ ក៏លោកតែងតែគិតគូរជានិច្ច ដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាក់ស្តែងដូចនៅចំពោះមុខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដែលជួបការលំបាក និងប្រឈមធ្ងន់ធ្ងរ ក្នុងស្រុកកណ្ដៀង និងក្រុងពោធិ៍សាត់ ចំនួន១០៥៦គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២០គីឡូក្រាម។ ទោះបីអំណោយទាំងនេះតិចតួចក្តី តែបានបង្ហាញការគិតគូរខ្ពស់របស់ថ្នាក់ដឹកនាំ ក្នុងការជួយដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់អាហារទទួលទាននោះទេ។

លោកបណ្ឌិត ប្រាំង ជលសា និងលោក ខូយ រីដា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្រុមយុវជន ដែលបានខិតខំជួយសង្គ្រោះប្រជាពលរដ្ឋ និងបានអន្តរាគមន៍ជួយសម្រួលរកទីទួលសុវត្ថិភាព ឧបត្ថម្ភស្បៀង មានគ្រូពេទ្យប្រចាំការជួយព្យាបាលជូនពួកគាត់។ ថ្នាក់ដឹកនាំទាំង២ បានលើកទឹកចិត្ត និងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋយើង ត្រូវជម្នះគ្រប់ឧបសគ្គ តស៊ូព្យាយាម ដើម្បីបន្តការរកស៊ីចិញ្ចឹមជីវិត ស្តារផលិតកម្មដំណាំស្រូវ ដំណាំរួមផ្សំ និងការចិញ្ចឹមសត្វឡើងវិញ បន្ទាប់ពីទឹកស្រកចុះ។

ជាមួយគ្នានោះ លោកបណ្ឌិត ប្រាំង ជលសា ក៏បានជម្រាបជូនថា នៅពេលគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ស្ថាបនាបានរួចរាល់ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦ នោះស្ថានភាពជំនន់ទឹកភ្លៀង ដែលបង្កឱ្យមានហានីភ័យដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងពោធិ៍សាត់ដូចរាល់ឆ្នាំ នឹងកាត់បន្ថយបានច្រើនផងដែរ។

លោកបណ្ឌិត ប្រាំង ជលសា និងលោក ខូយ រីដា ក៏បានលើកឡើងថា បើទោះបីស្ថានភាពជំនន់ទឹកភ្លៀង មានការឡើងលឿន និងស្រកចុះលឿនវិញក៏ពិតមែន តែសូមប្រជាពលរដ្ឋ ត្រូវបន្តការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ និងត្រូវចូលរួមថែរក្សាសុខភាព ដោយអនុវត្តន៍នូវអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាប់ជាប្រចាំ៕

ដោយ ៖ សហការី


ចែករំលែក៖