ភ្នំពេញ៖ សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិបានរៀបចំឡើងនាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ក្រោមកិច្ចសហប្រតិបត្តិការពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងការិយាល័យអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ កម្មវិធីស្បៀង អាហារពិភពលោកនិងមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ គឺអង្គការសហប្រជាជាតិទទួលបន្ទុកការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ «ស្ដីពីការប្រកាសព័ត៌មានឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា នៅកម្ពុជា» ក្រោមអធិបតីភាពលោក ហង្ស សាមឿន ទីប្រឹក្សាផ្ទាល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី២នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ. លោក លោកស្រីមកពីក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងសហព័ន្ធអន្តរជាតិនៃកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ។
សិក្ខាសាលានេះបានរំលេចពីគោលបំណង ផ្សព្វផ្សាយ និងចែករំលែកអំពីគំនិតផ្តួចផ្តើមស្ដីពីការប្រកាសព័ត៌មានឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា ដែលជាការរួមគ្នាអនុវត្តន៍និងជួយដល់ជនដែលងាយរងគ្រោះបានទាន់ពេលវេលា។ ប្រពន្ធ័ប្រកាសព័ត៌មានឱ្យដឹងមុន ត្រូវបានចាត់ទុកជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការចូលរួមចំណែកដល់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ និងជួយសង្គ្រោះអាយុជីវិតមនុស្សនិងសេដ្ឋកិច្ចជាតិ ដែលផ្តល់ផលចំណេញដល់ការវិនិយោគ។
មានប្រសាសន៍បើក លោកបណ្ឌិត ហង្ស សាមឿន ក្នុងនាមនាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. ក៏ដូចជា រាជរដ្ឋាភិបាលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសកម្មភាពលើ ការប្រកាសព័ត៌មានឱ្យដឹងមុនសម្រាប់ប្រជាពលរដ្ឋ ការប្រកាន់យកនូវវិធីសាស្ត្រ “សង្គមទាំងមូល” ដែលពាក់ព័ន្ធនឹងភាគីទាំងអស់ រួមទាំងសង្គមស៊ីវិលនិងវិស័យឯកជន ដែលអាចពង្រឹងនិរន្តរភាពសេវាកម្ម ប្រកាសព័ត៌មានឱ្យដឹងមុនបានប្រសើរជាងមុន។ វាមានសារៈសំខាន់ដូចគ្នា ក្នុងការទទួលស្គាល់ថាគ្រោះមហន្តរាយនិងការប្រែប្រួលអាកាសធាតុមានការប៉ះពាល់ដល់មនុស្ស, សត្វពាហនៈ, ហេដ្ឋារចនាសម្ព័ន្ធ និង ទ្រព្យសម្បត្តិសាធារណៈទូទៅ នៅលើពិភពលោក។
លោកបណ្ឌិតបន្តថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រូវបានចាត់ជាស្ថាប័នមួយតំណាងសម្រាប់សម្របសម្រួលគំនិតផ្ដួចផ្ដើមក្រោមកិច្ចសហការ និងសម្របសម្រួលជាមួយអង្គការសហប្រជាជាតិ ដែលមានកម្មវិធីស្បៀងអាហារពិភពលោកជាស្ថាប័នសម្របសម្រួលប្រចាំប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីឱ្យគំនិតផ្តួចផ្ដើមនេះដំណើរការទៅបានរលូន ចាំបាច់ត្រូវមានកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ។ ជាពិសេសស្ថាប័នជំនាញ ដូចជាក្រសួងធនធានទឹកនិងឧតុនិយម ក្នុងការផ្ដល់ព័ត៌មានព្យាករណ៍នានាដើម្បីឱ្យអ្នកប្រើប្រាស់យកទិន្នន័យនេះមកប្រើប្រាស់មានភាពងាយស្រួលក្នុងការធ្វើផែនការត្រៀមរៀបចំ ដែលជាយន្តការក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងជាពិសេសចែករំលែកដល់ប្រជាពលរដ្ឋជាមុន ក្នុងការត្រៀមរៀបចំរួចជាស្រេចមុនពេលព្រឹត្តិការណ៍គ្រោះមហន្តរាយកើតឡើង ។
លោកអនុប្រធានទី២បានលើកឡើងថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកទាំងមូលបានជួបប្រទះនឹង ឧប្បត្តិហេតុនៃគ្រោះមហន្តរាយធំៗជាច្រើនដូចជា រលកយក្សស៊ូណាមិ, ផ្ទុះភ្នំភ្លើង, ខ្យល់ព្យុះ, ខ្យល់កន្ត្រាក់ ពិសេសជំងឺកូវីដ-១៩ ។ល។ ក្រៅពីនេះ ក៏មានគ្រោះមហន្តរាយដែលបង្កឡើងដោយមនុស្ស ដូចជា សង្គ្រាមប្រដាប់អាវុធ, ភេរវកម្ម, គ្រោះថ្នាក់ចរាចរណ៍, ធ្លាក់យន្តហោះ និងជំងឺរាតត្បាតផ្សេងៗ ក៏ដូចជាការអភិវឌ្ឍដោយមិនបានគិតគូរអំពីបទដ្ឋានបច្ចេកទេសឱ្យបានត្រឹមត្រូវ។ ក្នុងន័យនេះ ការងារគ្រប់គ្រង គ្រោះមហន្តរាយ និងការងារអភិវឌ្ឍន៍ គឺជារឿងតែមួយ តែងតែបំពេញឱ្យគ្នាទៅវិញទៅមក ហើយវាមិនមែនរឿងពីរដាច់ដោយឡែកពីគ្នានោះទេ។ ដូច្នេះការអភិវឌ្ឍដែលមាននិរន្តរភាព និងប្រកប ដោយចីរភាព គឺបានគិតគូរអំពីហានិភ័យគ្រោះមហន្តរាយ និងរួមចំណែកដល់ការកាត់បន្ថយគ្រោះមហន្តរាយនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
លោកបណ្ឌិតបានធ្វើការជំរុញលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ គប្បីយកចិត្តទុកដាក់ចូលរួមឱ្យបានសកម្ម និងខ្លាំងក្លាក្នុងការបំពេញកាតព្វកិច្ចលើការងារគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឱ្យបានថយចុះក្នុងកម្រិតអប្បបរមា ទោះបីគ្រោះមហន្តរាយបង្កឡើងដោយមនុស្សក្តីឬដោយធម្មជាតិក្តី ហើយត្រូវចាត់ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងាររបស់យើងទាំងអស់គ្នានិងសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងភាគីអ្នកពាក់ព័ន្ធ ដែលបានចូលរួមក្នុងការគាំទ្រទាំងបច្ចេកទេស និងហិរញ្ញប្បទានលើការពង្រឹងសមត្ថភាពដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ កន្លងមក និងបច្ចុប្បន្ន៕
ដោយ៖ ចន្ទ លីហ្សា