ភ្នំពេញ ៖ មូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) កម្ពុជា នៅតែបន្តយកចិត្តទុកដាក់ដល់បងប្អូនដែលជាសមាជិកមូលនិធិត្រីចក្រយានកម្ពុជា នៅក្នុងរាជធានីភ្នំពេញ ដោយនៅបាននាំយកនូវថវិកានិងគ្រឿងឧបភោគ បរិភោគ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) ជូនពួកគាត់ជាបន្តបន្ទាប់ ដើម្បីជួយសម្រួលការលំបាក់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ពិសេសនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
នៅថ្ងៃសៅរ៏៨រោច ខែភទ្របទ ឆ្នាំថោះ ព.ស២៥៦៧ ត្រូវនិងថ្ងៃទី០៧ តុលា ២០២៣ លេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា ដោយមានការចាត់តាំងពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយា ន កម្ពុជាបាននាំយកនូវថវិកានិងគ្រឿងឧបភោគ បរិភោគ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជូនបងប្អូនដែលជាសមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញ ចំនួន២៩៩នាក់បន្តទៀតនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីពួកគាត់ប្រើប្រាស់ទៅវត្តធ្វើបុណ្យទាន និងជួបជុំគ្រួសារ ។
លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា បានបញ្ជាក់ថា៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តែងក្រើន បានរំលឹកឱ្យ ឃួង ស្រេង យកចិត្តទុកដាក់និងមើលថែ ពីសុខទុក្ខបងប្អូន សមាជិកអ្នកធាក់ ស៊ីក្លូក្នុងរាជធានីភ្នំពេញជានិច្ច ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី០៧ តុលា២០២៣នេះ បងប្អូនដែលជាសមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញ បានមកទទួលថវិកា ៥ម៉ឺន មី ១កេស ទឹកសុទ្ធ១កេស ត្រីខ១យូរ ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បន្ថែមពីលើការឧបត្ថម្ភ ប្រចាំខែរបស់ពួកគាត់ទៀត ដើម្បីឱ្យ ពួកគាត់បាន ប្រើប្រាស់បានទៅវត្តធ្វើបុណ្យទាន និងជួបជុំគ្រួសារ ។
លោកបន្តថា៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សម្ដេចតែងតែយកចិត្តទុកដាក់ ចំពោះបងប្អូនជាសមាជិកមូលនិធិស៊ីក្លូ ពោលគឺឱ្យតែមានពិធីបុណ្យជាតិធំៗ ម្តងៗ សម្តេចតែងបានផ្តល់អំណោយជូនពួកគាត់ជានិច្ច។ ក្រៅពីនេះ បងប្អូនអ្នកធាក់ស៊ីក្លូទាំង២៩៩នាក់ក៏ទទួល បានប្រាក់ខែជារៀងរាល់ខែចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែ ពួកគាត់អាចបើកបាន ៣ដង ក្នុង១ដង៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនបណ្ណប. ស. ស ដើម្បីឲ្យបងប្អូន អាចទៅព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យរដ្ឋនានា ។ បន្ថែមពីនេះទៀត ក្នុងអំឡុង ពេលដែលប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ កំពុងប្រឈមមុខនឹងការរាតត្បាតជំងឺ កូវីដ-១៩ សម្តេចមិនត្រឹមតែផ្តល់វ៉ាក់សាំងជូនពួកគាត់ទេ សម្ដេចបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែល អាវភ្លៀង ជូនពួកគាត់ថែមទៀត ។
សូមបញ្ជាក់ថា៖ មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ មករា ឆ្នាំ២០១៨គឺមានរយៈពេល៤-៥ឆ្នាំហើយ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអនានិគមនិយមបារាំងមកម្លេះ៕
ដោយ ៖ សំរិត