ខេត្តសៀមរាប៖ លោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី០៧ ខែតុលា ឆ្នាំ២០២៣នេះថា៖ សត្វក្រពើដែលរួចចេញពីកសិដ្ឋានចំនួន៣ក្បាល ត្រូវបានកម្លាំងអាជ្ញាធរស្រុកជីក្រែង ខេត្ត សៀមរាប បានសហការជាមួយម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ ចាប់បានមកវិញអស់ហើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្មណ៍។
លោកអភិបាលស្រុកជីក្រែង បានបន្តថា ចំពោះទីតាំងស្ថិតនៅភូមិត្រពាំងត្រាវ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប មិនមែននៅជាប់មាត់ស្ទឹងជីក្រែងនោះទេ។ លោកបន្តថា ករណីនេះ អាជ្ញាធរ នឹងមានវិធានការឱ្យម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើខាងលើរៀបចំទីតាំងនេះឱ្យបានត្រឹមត្រូវឡើងវិញទៅតាមស្តង់ដារ។
ជាមួយគ្នានេះ លោកវរសេនីយ៍ឯក តាំង លីហេង អធិការនគរបាលស្រុកជីក្រែង ក៏បានឱ្យដឹងដែរថា៖ ករណីសត្វក្រពើរួចចេញពីអាងក្រពើ ដែលត្រង់ចំណុចផ្លូវលំក្រាលកៅស៊ូ(ដីរបងព័ទ្ធជុំវិញនិងអាងក្រពើ)ស្ថិតនៅភូមិត្រពាំងត្រាវ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប បានរកឃើញវិញទាំងអស់ហើយ។
លោកអធិការស្រុកជីក្រែង បានឱ្យដឹងទៀតថា ម្ចាស់កសិដ្ឋានអាងក្រពើរូបនេះមានឈ្មោះ ឆៃ វីតា ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិអន្លង់ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ មូលហេតុនៃការរួចនេះ គឺដោយសារតែអ្នកដែលជួយចិញ្ចឹមសត្វក្រពើរបស់ឈ្មោះខាងលើ មានការធ្វេសប្រហេសបណ្ដាលឱ្យរួចសត្វក្រពើចេញពីអាងក្រពើ។
លោកអធិការស្រុក បានបញ្ជាក់បន្ថែមថា ក្រោយកេីតហេតុម្ចាស់ក្រពេីឈ្មោះ ឆៃ វីតា បានរាយការណ៍ថា សត្វក្រពើ បានរួច៣ក្បាល ហើយគាត់ចិញ្ចឹមសត្វក្រពើអាយុ២ឆ្នាំ មានចំនួន៣០០ក្បាល និងពងក្រពើចំនួន១០០០ក្បាលសំរាប់ភ្ញាស់លក់។
បើតាមប្រភពព័ត៌មានមួយបានលួចបង្ហេីបប្រាប់ថា ករណីដែលធ្លាយរឿងសត្វក្រពើរួចចេញពីអាងនេះ គឺមានអ្នកជិតខាងជាប់នឹងអាងក្រពើនោះ បានបង្ហោះលើហ្វេសប៊ុកទើបមានការបែបធ្លាយតែម្តង៕
ដោយ៖ សហការី