ព័ត៌មានទាន់ហេតុការណ៍៖

យ៉ាងហោចមនុស្ស២នាក់បានស្លាប់ក្នុងថ្ងៃតែមួយ ដោយសារករណីលង់ទឹក

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ប្រជាកសិករនៅស្រុកបាកាន  និងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បានឲ្យដឹងនាល្ងាចថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំថោះ បព្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នេះថា យ៉ាងហោចមានមនុស្សស្រីប្រុសក្មេងចាស់ចំនួន២នាក់ បានលង់ទឹកស្លាប់ក្នុងថ្ងៃតែមួយ ដែកបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចផងដែរ ។

ប្រភពព័ត៌មានពីប្រជាកសិករក្បែរកន្លែងកើតហេតុឲ្យដឹងទៀតថា នៅចំណុចប្រឡាយទឹកមួយ ស្ថិតនៅភូមិផ្ទះស្លា ឃុំខ្នារទទឹង ស្រុកបាកាន មានមនុស្សលង់ទឹកស្លាប់ម្នាក់ ដែលគេសង្ស័យអាចបណ្ដាលមកពីផឹកស្រាស្រវឹងជោកជាំ ចុះទៅងូតទឹកក៏បណ្ដាលឲ្យលង់ស្លាប់បែបនេះ ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ស៊ឹម ឆុន ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅ ភូមិ.ឃុំកើតហេតុ ។

ប្រភពដដែលបញ្ជាក់ទៀតថា ចំណែកនៅចំណុចស្រះមួយផ្នែកខាងជើងផ្ទះ ស្ថិតនៅភូមិតាំងគោក ឃុំតាលោ ស្រុកតាលោសែនជ័យ ក៏មានករណីលង់ទឹកមួយបានកើតឡើងផងដែរ ដែលគេសង្ស័យអាចបណ្ដាលមកពីការធ្វេសប្រហែសស្រ្តីជាម្ដាយ ខណៈ(រវល់ដាំបាយ) ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ញឹក ភាលី ភេទស្រី អាយុ ៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតនៅភូមិ.ឃុំកើតហេតុ ។

ប្រភពបញ្ជាក់បន្ថែមទៀតថា ករណីមានមនុស្សស្លាប់ក្នុងថ្ងៃតែមួយនេះ ស្ថាប័នជំនាញពាក់ព័ន្ធ ចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖