ភ្នំពេញ៖ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យបើកដំណើរការឆ្លងស្ពានកោះពេជ្រ-កោះនរា ជាបណ្ដោះអាសន្ន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ពោលគឺនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ប្រជាពលរដ្ឋធ្វើដំណើរ បានថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្តេចបានគិតគូរដល់ពួកគាត់ក្នុងការសម្រួលចរាចរណ៍កុំឱ្យមានការកក់ស្ទះផងដែរ។
ជាក់ស្ដែងនៅព្រឹកថ្ងៃចន្ទទី០៩ ខែតុលា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋ ដែលធ្វេីដំណើរការឆ្លងស្ពានកោះពេជ្រ-កោះនរាលើកឡើងថា ការគិតគូរយកចិត្តទុកដាក់របស់សម្តេចធិបតី គឺបានជួយសម្រួលការចរាចរណ៍ធ្វើដំណើរទៅមកបានកាន់តែប្រសើរឡើង ពិសេសនោះ គឺក្នុងរដូវការបុណ្យភ្ជុំបិណ្ឌខាងមុខ ព្រោះនៅរៀងរាល់មានបុណ្យទាន ពលរដ្ឋជាច្រើន ប្រាកដជាធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញទៅកាន់ស្រុកកំណើត ដូច្នោះហើយស្ពានខាងលើនេះ វានឹងជួយបញ្ចៀសបានពីការកកស្ទះ ហើយក៏កាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរបានច្រើនផងដែរ ។
គួរបញ្ជាក់ថា ស្ពានកោះពេជ្រ – កោះនរា នឹងត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន តែមួយស្ពាននោះទេ សម្រាប់ការធ្វើចរាចរណ៍ទ្វេទិស ពោលទាំងទៅ និងមក ។ ក្រោយផុតកំណត់រយៈពេល០៣ថ្ងៃហើយនោះ ស្ពានខាងលើនេះនឹងត្រូវផ្អាកចរាចរណ៍ជាបណ្តោះអាសន្នវិញសិន រង់ចាំការសាងសង់រួចរាល់ ១០០ភាគរយ នឹងបើកឱ្យប្រើប្រាស់ជាផ្លូវការណ៍ នៅចុងខែតុលា ឆ្នាំ២០២៣នេះ៕
ដោយ៖ សហការី