ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ ។
សូមជម្រាបជូនថា «សេដ្ឋកិច្ចក្រៅប្រព័ន្ធ» មានន័យថា ប្រព័ន្ធនៃការធ្វើពាណិជ្ជកម្ម ឬការដោះដូរទំនិញ និងសេវា ដែលច្បាប់មិនតម្រូវឱ្យចុះបញ្ចី។ សេដ្ឋកិច្ចក្រៅប្រព័ន្ធផ្តល់នូវការបង្កើតមុខរបរការងារធ្វើ និងប្រាក់ចំណូល ប៉ុន្តែអាចបង្កឱ្យមានផលវិបាកក្នុងការគ្រប់គ្រងបរិស្ថានសុវត្ថិភាពចំណីអាហារ ការប្រមូលពន្ធជាដើម។
«យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឈ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ត្រូវបានដាក់ចេញជាមួយចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធឱ្យរីកធំធាត់និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ ហើយក្លាយទៅជាកម្លាំង ចលករដ៏សំខាន់ក្នុងការកែលម្អជីវភាពរបស់ប្រជាជន និងអាចរួមចំណែកជាអតិបរមា ក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។
យុទ្ធសាស្ត្រជាតិនេះ មានគោលបំណងលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញ និងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។
ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្របតាមចក្ខុវិស័យ និងគោលបំណងខាងលើ យុទ្ធសាស្ត្រជាតិនេះ ដាក់ចេញគោលដៅសំខាន់ៗចំនួន៤ ដូចខាងក្រោម៖
*ទី១៖ បង្កលក្ខណៈងាយស្រួលដល់ការឈានចូលក្នុងតំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬនិយាយម្យ៉ាងទៀត ឈានចូលក្នុងប្រព័ន្ធអភិវឌ្ឍន៍អន្តរកាលមួយ (Into the System) មុននឹងអាចចូលរួមបានពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
*ទី២៖ ផ្តល់ប្រយោជន៍ដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ ដើម្បីធានាថា មិនធ្លាក់ចូលទៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធវិញ ទោះបីក្នុងករណីមិនអាចចូលរួម ពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធក៏ដោយ។
*ទី៣៖ ថែបំប៉នអ្នកដែលបានឈានចូលក្នុងប្រព័ន្ធ ឱ្យរីកធំធាត់ ដើម្បីអាចចូលរួមពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
ទី៤៖ លើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ព្រមទាំងអត្ថប្រយោជន៍នៃការឈានចូលក្នុងប្រព័ន្ធ ក៏ដូចជាការលើកកម្ពស់ការចូលរួមរបស់គ្រប់តួអង្គពាក់ព័ន្ធ។
ដើម្បីសម្រេចចក្ខុវិស័យ គោលបំណង និងគោលដៅខាងលើ ការរៀបចំ និងអនុវត្តយុទ្ធសាស្ត្រជាតិនេះ ត្រូវអនុលោមតាមអភិក្រមសំខាន់ៗ ដែលមានភាពប្រទាក់ក្រឡា គ្នា ដូចខាងក្រោម៖
*ទី១៖ កំណត់វិសាលភាព និងការធ្វើអាទិភាវូបនីយកម្ម ពិសេសការកំណត់វិស័យ និងប្រភេទអាជីវកម្ម មុខរបរ និងការងារអាទិភាព ដើម្បីអាចឆ្លើយតបទៅ នឹងភាពមានកម្រិតនៃធនធានរបស់រាជរដ្ឋាភិបាល និងទំហំដ៏ធំនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា។
*ទី២៖ មានភាពទន់ភ្លន់ និងបត់បែន ដោយផ្តោតការយកចិត្តទុកដាក់លើមនុស្ស ក្នុងរយៈពេលខ្លី តាមរយៈការផ្ដល់កិច្ចគាំពារសង្គម និងការពង្រឹងសមត្ថភាព និងផលិតភាព ដែលប្រៀបបាននឹងការទាក់ទាញឱ្យចូលរួមទៅក្នុងប្រព័ន្ធ (System) ដែលមានស្រាប់ (ដូចជាមូលនិធិសមធម៌សុខាភិបាល និង ការបណ្តុះបណ្តាលជំនាញជាដើម) មុននឹងអាចចូលរួមទៅក្នុងសេដ្ឋកិច្ច ក្នុងប្រព័ន្ធឱ្យបានពេញសក្តានុពល។
*ទី៣៖ ជំរុញការធ្វើអន្តរកាលពីសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅសេដ្ឋកិច្ចក្នុងប្រព័ន្ធ សម្រាប់រយៈពេលមធ្យម និងវែង ដើម្បីកាត់បន្ថយបន្តិចម្ដងៗនូវទំហំនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បង្កើនការគាំពារដែលផ្អែកលើភាគទាន (Contribution-Based) ព្រមទាំងបង្កើនចំណូល និងការចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
*ទី៤៖ កំណត់និយមន័យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ចំណែកយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាកម្មវិធីគោលនយោបាយអាទិភាពមួយ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលថ្មី។
កម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលថ្មីរួមមាន៖
*១៖ ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល
*២៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស
*៣៖ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋ- កិច្ច និង គ្រាមានគ្រោះអាសន្ន
*៤៖ ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ
*៥៖ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ
*៦៖ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។
គួរបញ្ជាក់ថា កម្មវិធីនយោបាយអាទិភាពទាំងនេះ ត្រូវបានរាជរដ្ឋាភិបាលគ្រោងប្រកាសដាក់អនុវត្តន៍ជាបន្តបន្ទាប់មុនដំណាច់ឆ្នាំ២០២៣ ដើម្បីធានាបានការផ្តល់អត្ថប្រយោជន៍នានាដល់ប្រជាពលរដ្ឋ។ នៅកម្ពុជា ប្រជាជនមានការងារធ្វើ (Employed Population) មានចំនួនសរុបជិត ៧.៩លាននាក់ (យោងតាមអង្កេតកម្លាំងពលកម្ម ឆ្នាំ២០១៩ ) ក្នុងនោះប្រជាជនមានការងារធ្វើក្នុងប្រព័ន្ធ (Formal Sector) មានចំនួនជិត១.៧លាននាក់ ឬ២១.៥នៃប្រជាជនមានការងារធ្វើសរុប។ ដោយឡែក ប្រជាជនមានការងារធ្វើជិត ៦.២លាននាក់ផ្សេងទៀត ធ្វើការក្នុងវិស័យក្រៅប្រព័ន្ធ (Informal Sector)៕
ដោយ៖ សហការី