ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ បណ្តាលឱ្យមនុស្ស ស្លាប់ ០៣នាក់(ស្រី ០១នាក់), របួសធ្ងន់ស្រាល ១៦នាក់(ស្រី ០៦នាក់) និងមិនពាក់មួកសុវត្ថិភាព ១៥នាក់ (យប់ ០៦នាក់)។ ដូច្នេះសូមបេីកបរពាក់មួកសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង !
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមនុស្ស ស្លាប់ ០៣នាក់(ស្រី ០១នាក់), របួសធ្ងន់ ០៩នាក់(ស្រី ០៣នាក់), និងរបួសស្រាល ០៧នាក់(ស្រី ០៣នាក់), គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ០៧លើក (យប់ ០៤លើក), មាន ៖ កត្តាល្បឿន ០៣លើក (ស្លាប់ ០១នាក់), មិនប្រកាន់ស្តាំ ០២លើក (ស្លាប់ ០១នាក់), ប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់) និងបត់គ្រោះថ្នាក់ ០១លើក។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ណាមួយជាយថាហេតុ និងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារ។
សូមជម្រាបជូនថា នាឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះចែកលិខិតប័ណ្ណ sticker និងសៀវភៅស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋឲ្យយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ សូមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យកាន់តែនៅកម្រិតទាបផងដែរ៕
ដោយ៖ សហការី