ភ្នំពេញ ៖ ជំងឺឬសដូងបាត កើតនៅលើស្ត្រីមានផ្ទៃពោះប្រមាណពី ៨% ទៅ ៣៨%។ បន្ទាប់ពីសម្រាលហើយមានប្រមាណ ២០% នៃស្ត្រីដែលនឹងអាចមានរោគសញ្ញានៃជំងឺនេះ។
ជំងឺឬសដូងបាត គឺជាបណ្តុះសរសៃឈាមដែលស្ថិតនៅរន្ធបាត ដែលជាធម្មតាមានសរសៃឈាមក្រហម៣ ដែលបង្កើតបានជាដុំចំនួន៣ដែរ។ នៅពេលដែលឬសដូងបាតខាងក្នុងរីក វានឹងរមួលនៅម្តុំសាច់ដុំខ្ចឹបគូថ ដែលវានឹងឡើងហើម និងងាយហូរឈាម។ ម៉្យាងទៀត នៅក្នុងពេលមានផ្ទៃពោះ មានបម្រែបម្រួល អរម៉ូន ការឡើងនៅសម្ពាធឈាម និងការឧស្សាហ៍ទល់លាមក ដែលធ្វើឲ្យមានការរីកហើមនៃឬសដូង។ ម្យ៉ាងវិញទៀត ការប្រឹងក្នុងពេលសម្រាលបុត្រក៏បណ្តាលឲ្យមានលៀនចេញនៃជំងឺឬសដូងបាតនេះដែរ។
ក) កត្តាដែលបណ្តាលឲ្យមានជំងឺឬសដូងបាត ក្នុងពេលមានផ្ទៃពោះ
កត្តាប្រឈម ដែលត្រូវបានបញ្ជាក់ឲ្យមានជំងឺឬសដូងបាតក្រោយសម្រាលមានដូចជា ភាពលំបាកក្នុងការបត់ជើង (ឬការទល់លាមកពេលបញ្ចេញ) ការសម្រាលយឺតពេល ដែលចាប់ពី៣៩សប្តាហ៍។ កូនធំ និងការសម្រាលយូរក្នុងដំណាក់កាលទីមួយ សុទ្ធតែជាកត្តាប្រឈមដែលនាំឲ្យមានជំងឺឬសដូងបាតផ្នែកខាងក្រៅ។ យ៉ាងជាក់ច្បាស់ យើងសង្កេតឃើញមានចំនួនជំងឺឬសដូងបាតផ្នែកខាងក្រៅត្រឹមតែ៤%ប៉ុណ្ណោះ ដែលកើតមាន លើការសម្រាលដោយវះកាត់ ធៀបនឹងចំនួនប្រមាណ២០%ក្រោយការសម្រាលដោយធម្មជាតិ។ ទោះបីយ៉ាងណា ការមានជំងឺឬសដូងបាតមិនតម្រូវឲ្យមានការសម្រាលដោយវះកាត់នោះទេ។
ខ) រោគសញ្ញា
ជំងឺឬសដូងបាតផ្នែកខាងក្រៅ គឺជាជំងឺដែលជួបប្រទះច្រើនជាងគេក្រោយសម្រាល ដែលស្តែងឡើងនូវការប៉ោងហើមឈឺនៅផ្នែករន្ធទ្វារបាត។ ការប៉ោងនេះនឹងស្រកក្នុងរយៈពេលច្រើនថ្ងៃបន្ទាប់រួចការឈឺចាប់នឹងបាត់ក្នុងអំឡុងពេល២ទៅ៣ថ្ងៃ ហើយដុំប៉ោងនេះនឹងបាត់វិញក្នុងរយៈពេលច្រើនសប្តាហ៍ក្រោយមក។ ក្រៅពីនេះក៏អាចមានការលៀនចេញមកក្រៅនៃសរសៃឈាមឬសដូងបាតផ្នែកខាងក្នុងផងដែរ។
គ) ការបន្ថយការឈឺចាប់នៃរន្ធបាតក្នុងពេលមានគត៌ និងក្រោយពេលសម្រាល
ករណីដែលមានការឈឺចាប់នៃរន្ធបាត ក្នុងពេលមានគត៌ និងក្រោយពេលសម្រាល វាមានសារៈសំខាន់ក្នុងការពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ ការត្រួតពិនិត្យរន្ធបាត នឹងបញ្ជាក់ពីរោគវិនិច្ឆ័យថាតើវាជាជំងឺឬសដូងបាត ឬជាជំងឺរហែករន្ធបាតដែលបណ្តាលមកពីជំងឺទល់លាមក។
ឃ) ការព្យាបាល
១-ការព្យាលបាលទៅលើការបន្ទោរបង់
វិធីសាស្ត្រលើរបបអាហារ ដែលត្រូវឲ្យហូបអាហារដែលមានជាតិសរសៃដូចជា ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ ត្រូវចាត់ទុកជាអាទិភាព។ បន្ទាប់មកថ្នាំជំនួយឲ្យបន្ទោរបង់ក៏អាចត្រូវប្រើប្រាស់ផងដែរ។ ដូចគ្នានេះថ្នាំជំនួយពោះវៀនត្រូវបានប្រើដើម្បីឲ្យលាមកមានសភាពទន់ និងជាតិអាស៊ីតមកតិចពេលដែលមានបញ្ហារាគរូស។
២-ការព្យាបាលនៅរន្ធបាត
មានដូចជាប្រភេទថ្នាំសុល និងក្រែមលាប ដែលមានសមាសភាពជា ពពួកបន្ថយរលាក ឬក័រទីកូអ៊ីត ពពួកថ្នាំស្ពឹក ពពួកវិតាមីនP និងពពួកបន្ថយសម្ពាធឈាមវ៉ែន flavonoides។
៣-ការព្យាបាលដោយថ្នាំ
ពពួកថ្នាំបន្ថយការឈឺចាប់ ប្រភេទប៉ារ៉ាសេតាមុល ត្រូវបានប្រើជាអាទិភាពក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយសម្រាល ប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេ។ អ្នកជំងឺអាចប្រើថ្នាំបំបាត់ការឈឺចាប់ និងថ្នាំដែលមានឥទ្ធិពលលើសរសៃឈាមឬសដូងបាតដែលថ្នាំទាំងនោះមិនមានការប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ម្យ៉ាងវិញទៀត ក្រុមពពួកថ្នាំមានឥទ្ធិពលលើសរសៃវ៉ែនត្រូវបានប្រើក្នុងជំងឺឬសដូងបាតផ្នែកខាងក្រៅអំឡុងពេលមានទម្ងន់ និងពេលបំបៅដោះកូន។
៤-ការព្យាបាលដោយឧបករណ៍
ជាកម្រនៃការព្យាបាលដោយឧបករណ៍ ពេលមានទម្ងន់។ ការព្យាបាលទាំងនេះមានដូចជាការប្រើកាំរស្មីក្រហមអាំងហ្វ្រា (infrarouge) ការចាក់ថ្នាំឲ្យស្វិត និងការចងចំនងឲ្យស្វិត។
៥-ការវះកាត់
ជាធម្មតាយើងតែងតែជៀសវាងការវះកាត់តាមដែលអាចធ្វើទៅបាន។ ការវះកាត់នេះធ្វើឡើងតែនៅពេលដែលការព្យាបាលដោយថ្នាំទៅលើជំងឺឬសដូងបាតនេះបរាជ័យ។ ប្រសិនបើជំងឺឬសដូងបាតមានសភាពប្រសើរក្រោយការសម្រាល នោះពេលខ្លះជំងឺឬសដូងបាតនេះក៏នឹងបន្តចាប់ពី៦ខែក្រោយមកទៀត ហើយបង្ករំខានអ្នកជំងឺនោះចុងក្រោយមានតែការព្យាបាលដោយវះកាត់ទើបដោះស្រាយបាន។
ង) ដំបូន្មានរបស់គ្រូពេទ្យ
ដើម្បីកាត់បន្ថយហានិភ័យកុំឲ្យមានជំងឺឬសដូងបាតនៅពេលមានផ្ទៃពោះ គឺយើងត្រូវការពារកុំឲ្យមានជំងឺទល់លាមកដោយត្រូវពិសាទឹកយ៉ាងតិច១លីត្រកន្លះក្នុងមួយថ្ងៃ ហើយត្រូវបរិភោគបន្លែដែលបានលាងសម្អាតស្អាតជាប្រចាំដើម្បីសម្រួលដល់ការបន្ទោរបង់។ មួយវិញទៀត វាមានសារៈសំខាន់ណាស់សម្រាប់ស្ត្រីក្នុងការធ្វើលំហាត់ប្រាណដូចជា ការដើរ ការហែលទឹក និងធ្វើយូហ្កាជាដើម។
ករណីអ្នកជំងឺមានរោគសញ្ញា ឬបញ្ហាណាមួយនៅរន្ធបាត សូមអញ្ជើញមកជួបពិនិត្យ និងពិគ្រោះផ្ទាល់ជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលបានត្រឹមត្រូវ។ នេះជាការបញ្ជាក់ពីខាង#មន្ទីរពេទ្យកាល់ម៉ែត #Calmette ៕
ដោយ ៖ សហការី