ភ្នំពេញ ៖ សូមមេត្តាអាជ្ញាធរ សមត្ថកិច្ច សង្កាត់បឹងព្រលិត និងសង្កាត់វាលវង់ ខណ្ឌ ៧មករា មានវិធានការ បង្ក្រាបបនល្បែងសុីសង ប្រភេទជាបៀរ ជល់មាន់ ក្នុងមូលដ្ឋានផង ! នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋ បន្ទាប់ពីពួកគាត់យល់ថា, អាចមន្ត្រីមូលដ្ឋានមានករណីពាក់ព័ន្ធ យោគយល់ណាមួយជាមួយ មេបនល្បែង !
សូមបញ្ជាក់ថា : ទីតាំងបង្កប់ល្បែងស៊ីសងតាមអនឡាញក្នុងមូលដ្ឋាន សង្កាត់បឹងព្រលិត និងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានដំណើរការយ៉ាងរលូន ប្រភេទជាបៀរ ជល់មាន់ ជាដើម ! ប៉ុន្តែ លោកអភិបាលខណ្ឌអះអាងថា មានវិធានការ ! ដោយលោកបញ្ជាក់ថា, ចាំអោយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យអោយបានច្បាស់លាស់ ។
មួយរយៈពេលកន្លងមកនេះ គេឃើញថាមានការបង្ក្រាបទៅលើទីតាំងល្បែងអនឡាញជាបន្តបន្ទាប់ មានជាប្រភេទបៀរ ជល់មាន់ ហ្គេមបង្កប់ល្បែងសុីសង ជាដើម ករណីខ្លះក៏មានអ្នកបើកលក់កន្ទុយលេខឆ្នោតវៀតណាមតាមច្រកដឿងហែម ហាក់អនាធិបតេយ្យ និងមិនខ្លាចរអា សមត្ថកិច្ចឡើយ ។
ដោយឡែកមានទីតាំងមួយកន្លែងបានបើកលេងល្បែងស៊ីសងអនឡាញមានដូចជាជល់មាន់និងល្បែងបៀរបានបើកដំណើរការយ៉ាងរលូនទៅវិញប្រហែលថ្នាក់មូលដ្ឋានសង្កាត់ឬប៉ុស្តិ៍មិនបានរាយការណ៍ឬមួយដឹងហើយតែទុកជាឆ្នាំងបាយរបស់ខ្លួន។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរាយការណ៍មកថា, ទីតាំងល្បែងស៊ីសងអនឡាញខាងលើនេះត្រូវបានគេស្គាល់ស្ថិតនៅផ្ទះលេខ១១ ផ្លូវលេខ១១១ សង្កាត់បឹងព្រលិត និងមួយកន្លែងទៀតនៅហាងកាហ្វេមួយកន្លែងដោយបើកចំហរនៅផ្លូវលេខ១៥៦កែងនិងផ្លូវលេខ២១៥សង្កាត់វាលវង់ ខណ្ឌ៧មករា។
ពាក់ព័ន្ធទៅនឹងទីតាំងបង្កប់ល្បែងស៊ីសងតាមអនឡាញខាងលើកនេះ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” បានធ្វើការទំនាក់ទំនងទៅកាន់មេប៉ុស្តិ៍នគរបាលបឹងព្រលិត លោកធ្លាប់បានបញ្ជាក់ថា ,ខ្ញុំដឹងតែទីតាំងខាងលើគេបញ្ជាក់ថាមានច្បាប់ទម្លាប់ត្រឹមត្រូវតើឲ្យខ្ញុំធ្វើយ៉ាងដូចម្ដេច! ។
សូមរម្លឹកថា, ករណីខ្លះមានច្បាប់អនុញ្ញាតពីរដ្ឋបាល រាជធានីភ្នំពេញ ប៉ុន្តែជាប្រភេទល្បែងតុក្កតា សម្រាប់ក្មេងលេងកម្សាន្ត ករណីខ្លះឈ្មួញបានយកអាជ្ញាប័ណ្ណនេះ លួចបង្កប់បើកបនល្បែងសុីសង។
ដោយឡែកលោកមេប៉ុស្តិ៍វាលវង់បានឲ្យដឹងថាទីតាំងខាងលើគាត់បានទទួលដំណឹងហើយខាងសង្កាត់ក៏ចុះធ្វើកិច្ចសន្យារួចហើយដែរ ។ជាមួយគ្នានេះលោកចៅសង្កាត់វាលវង់ក៏បានបញ្ជាក់ថែមទៀតថាលោកបានដឹកនាំកម្លាំងទៅត្រួតពិនិត្យ តែចាប់មិនបានដោយគេថាលែងតែឡូតូប៉ុណ្ណោះ លោកក៏បានឲ្យធ្វើកិច្ចសន្យាមិនឱ្យមានការលេងល្បែងស៊ីសងខុសច្បាប់រួចហើយដែរ។
ចំពោះលោកនេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករាមករា លោកបាននិយាយថាអរគុណលោកនិងឲ្យកម្លាំងជំនាញចុះទៅមើលសិន ។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន តែងតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ពីព្រោះថាបនល្បែងស៊ីសង ជាប្រភពបង្កើតឲ្យមានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ដែលធ្វើឲ្យមូលដ្ឋាន បាត់បង់ សុខសាន្ត ។ ដូច្នេះសូមឱ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ភូមិ សង្កាត់ ប៉ុស្តិ៍ អធិការដ្ឋាននគរបាលខណ្ឌ៧មករា ជាពិសេសអភិបាលនៃគណៈអភិបាលខណ្ឌ៧មករា ដែលជាគណៈបញ្ជាការឯកភាពខណ្ឌ ជួយលុបបំបាត់បនល្បែងទាំងនេះ ដើម្បីឆ្លើយតបចំពោះសំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជា ការរឹតបន្តឹងរបស់អភិបាលរាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋបានលើកឡើងថា , បើមានបនល្បែងសុីសង ក្នុងមូលដ្ឋាន គឺផ្ទុយពី គោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព។
ប្រជាពលរដ្ឋដឹងយ៉ាងច្បាស់ថា : ភូមិ ឃុំ មានសុវត្ថិភាពគឺជាភូមិ ឃុំ មានលក្ខណៈសម្បត្តិ ៩ យ៉ាងដូចតទៅ ៖
១ – គ្មានសកម្មភាព លួច ឆក់ ប្លន់គ្រប់ប្រភេទ ។
២- គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។
៣- គ្មានអំពើអនាចារ ការជួញដូរស្ត្រី និងកុមារ នឹងអំពើហិង្សាក្នុងគ្រួសារ ។
៤- គ្មានក្មេងទំនើង ។
៥ – គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធ ខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ។
៦ – គ្មានគ្រោះថ្នាក់ចរាចរ ។
៧ – គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះ ។
៨ – វិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបចំពោះគ្រោះមហន្តរាយ ប្រកបដោយសុវត្ថិភាព ។
៩ – គ្មានការត្រួតពិនិត្យខុសច្បាប់ ៕
ដោយ៖ ស សម