ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅសណ្ឋាគារសុខាភ្នំពេញ ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សុវត្ថិភាពរបស់និស្សិតខ្មែរយើង ដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល គឺជាអាទិភាពធំបំផុតក្នុងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល។
សម្ដេចធិបតី ថ្លែងបញ្ជាក់ថា គិតមកដល់ម៉ោងនេះ និស្សិត និងពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅក្នុង ប្រទេសអ៊ីស្រាអែល ចំនួន ៣២៣នាក់ ក្នុងចំណោមនិស្សិត និងពលរដ្ឋសរុប ៤៥៤នាក់ ត្រូវបានជម្លៀសមកទីតាំងសុវត្ថិតភាពហើយ ដោយរាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទិន្នន័យ និងព័ត៌មានរបស់ពួកគាត់រួចហើយ។ ប៉ុន្តែសម្ដេចធិបតី ក៏បានគូសបញ្ជាក់យ៉ាងដូច្នេះថា នៅនិស្សិត និងពលរដ្ឋប្រមាណ ១៣១នាក់ទៀត កំពុងស្វែងរកទិន្នន័យព័ត៌មានបន្ថែមទៀត ដើម្បីងាយស្រួលក្នុងជួយអន្តរាគមន៍។
សម្តេចធិបតី ហ៊ុន ថ្លែងថា ប្រជាពលរដ្ឋប្រកបមុខរបរ ទាំងក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្តី ឬក្នុងប្រព័ន្ធក្តី គឺត្រូវបានយកចិត្តទុកដាក់ជាអាទិភាពគ្រប់ៗគ្នាពីរាជរដ្ឋាភិបាល។
សម្តេចធិបតី ថ្លែងថា ការដាក់ចេញយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ គោលដៅធំគឺដើម្បីជួយប្រជាពលរដ្ឋឋិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ប៉ុន្ដែក្រៅពីនេះក៏បានជួយដល់ការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា និងជួយដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ពង្រឹងភាពធននូវសេដ្ឋកិច្ច និងសង្គមជាតិ និងលើកកម្ពស់ដល់សេដ្ឋកិច្ចជាតិផងដែរ។
សម្តេចធិបតី ថ្លែងថា ជម្រាបជូនពលរដ្ឋនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចុះឈ្មោះចូលរួមក្នុងប្រព័ន្ធសេដ្ឋកិច្ចនេះ មិនមែនជាការបង្ខិតខំឡើយ។ ហើយការចូលរួមពីពលរដ្ឋនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺដើម្បីផ្ដល់ភាពងាយស្រួលដល់រាជរដ្ឋាភិបាលក្នុងការជួយអភិវឌ្ឍន៍ដល់អាជីវកម្មនៃពលរដ្ឋដែលឋិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ក្នុងនោះរួមមានទាំងការលើកលែងពន្ធជាដើម។
សូមជម្រាបជូនថា «សេដ្ឋកិច្ចក្រៅប្រព័ន្ធ» មានន័យថា ប្រព័ន្ធនៃការធ្វើពាណិជ្ជកម្ម ឬការដោះដូរទំនិញ និងសេវា ដែលច្បាប់មិនតម្រូវឱ្យចុះបញ្ចី។ សេដ្ឋកិច្ចក្រៅប្រព័ន្ធផ្តល់នូវការបង្កើតមុខរបរការងារធ្វើ និងប្រាក់ចំណូល ប៉ុន្តែអាចបង្កឱ្យមានផលវិបាកក្នុងការគ្រប់គ្រងបរិស្ថានសុវត្ថិភាពចំណីអាហារ ការប្រមូលពន្ធជាដើម។
«យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឈ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ត្រូវបានដាក់ចេញជាមួយចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធឱ្យរីកធំធាត់និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ ហើយក្លាយទៅជាកម្លាំង ចលករដ៏សំខាន់ក្នុងការកែលម្អជីវភាពរបស់ប្រជាជន និងអាចរួមចំណែកជាអតិបរមា ក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។
យុទ្ធសាស្ត្រជាតិនេះ មានគោលបំណងលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញ និងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា៕
ដោយ៖ ស តារា