ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូអញ្ជើញទៅដល់ទីក្រុងប៉េកាំង ប្រទេសចិនប្រកបដោយសុវត្ថិភាព

ចែករំលែក៖

ប្រទេសចិន៖​ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ​ធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងប្រទេសចិនប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញចូលរួមក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣។ 

វត្តមាននៃការអញ្ជើញដល់របស់សម្ដេចអធិបតី និងលោកជំទាវនៅអាកាសយានដ្ឋានអន្តរជាតិនាទីក្រុងប៉េកាំង ប្រទេសចិន ត្រូវបានទទួលការស្វាគមន៍ រាក់ទាក់ស្និទ្ធស្នាលជាទីបំផុតពីសំណាក់មន្ត្រីថ្នាក់ដឹកនាំ នៃរដ្ឋាភិបាលចិននិងមន្ត្រីថ្នាក់ដឹកនាំកម្ពុជាប្រចាំនៅប្រទេសចិនជាច្រើនផងដែរក្នុងនោះរួមមាន ឯកឧត្តម Tang Renjlan រដ្ឋមន្ត្រីកសិកម្ម និងកិច្ចការជនបទ, ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជាឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ 

ដំណើរអញ្ជើញចូលរួមវេទិកាខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម ស៊ី ជីន​ពីង ប្រធានាធិបតីចិន។ វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ (3o BRF) សម្រាប់កិច្ច​សហ​ប្រតិបត្តិការអន្តរជាតិ នឹងប្រព្រឹត្តពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៣ នៅរដ្ឋធានី​ប៉េ​កាំង ក្រោមមូលបទ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាព​ខ្ពស់​៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម»។

នៅក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវនេះ សម្ដេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះ ស្ដីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី»។ អំឡុងពេលចូលរួមវេទិកានេះ សម្តេចធិបតី នឹងជួបពិភាក្សាជាមួយឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនដទៃទៀត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុង​ក្រប​ខ័ណ្ឌ​ទ្វេភាគី និងពហុភាគី ព្រមទាំងមានជំនួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយឥស្សរជន​បរទេស​ដទៃទៀតផងដែរ៕

ដោយ៖ សហការី


ចែករំលែក៖