ខេត្តកំពង់ឆ្នាំង៖ យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមរយៈរថយន្តក្រុង ពីខេត្តកំពង់ឆ្នាំង ត្រឡប់ទៅទីក្រុងភ្នំពេញវិញ ក្រោយបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់កាលពីម្សិលមិញនេះ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះថា ដោយមានការយកចិត្តទុកដាក់ និងគិតគូរយ៉ាងធំធេងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់រថយន្តក្រុង១០គ្រឿង ជូនពួកគាត់ទាំងមកលេងស្រុកកំណើតទាំងទៅវិញទៅមក បានធ្វេីឱ្យពួកគាត់សន្សំប្រាក់កាសមួយចំនួន ក្នុងការចំណាយលើការធ្វើដំណើរ និងប្រកបដោយសុខសុវត្ថិភាពនៅតាមដងផ្លូវ។
សេចក្តីរាយការណ៍ដដែលបានបន្តថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ពួកគាត់បានធ្វើដំណើរពីក្រុងភ្នំពេញមកខេត្តកំពង់ឆ្នាំង តាមរយៈរថយន្តក្រុងរបស់រាជរដ្ឋាភិបាល ហើយនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ ពួកគាត់ក៏បានធ្វើដំណើរត្រឡប់ទៅទីក្រុងភ្នំពេញវិញ តាមរយៈរថយន្តក្រុងដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរៀបចំដើម្បីដឹកបងប្អូនប្រជាពលរដ្ឋនេះដដែល។ ការធ្វើដំណើរទៅមកក្រុងភ្នំពេញ ខេត្តកំពង់ឆ្នាំងនេះ គាត់អាចសន្សំសំចៃថវិកាបានមួយចំនួន សម្រាប់ជួយដល់ជីវភាពពួកគាត់ ម្យ៉ាងវិញទៀតសម្តេចក៏បានគិតគូរពីសុខទុក្ខតាមដងផ្លូវរបស់ប្រជាពលរដ្ឋផងដែរ។
បន្ថែមពីនេះ ប្រជាពលរដ្ឋទាំងអស់ ក៏បានសំដែងនូវការដឹងគុណសម្តេចធិបតីយ៉ាងខ្លាំង ព្រោះក្រោយពេលជួយប្រជាពលរដ្ឋខ្មែរទាំងអស់អោយចាកផុតពីការឆ្លងជម្ងឺកូវីដ១៩ហើយនោះ ទាំងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន នៅគិតគូរពីសុខទុក្ខប្រជាពលរដ្ឋក្នុងការធ្វើដំណើរមកលេងស្រុកកំណើតក្នុងថ្ងៃចូលឆ្នាំនេះទៀត ជាពិសេសលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ,លោក ឈិន សេងងួន អភិបាលរងខេត្ត ,លោក ឆាយ លាភា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានមកមើលសុខទុក្ខប្រជាពលរដ្ឋដោយផ្ទាល់ទៀតផង។
បេីតាមការបញ្ជាក់ពីអភិបាលរងខេត្តកំពង់ឆ្នាំង លោក ឈិន សេងងួន តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក្នុងពេលចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុង បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១៦ តុលានេះថា ដោយសារការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង តែងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយលោកបានអោយមន្ត្រីថ្នាក់ក្រោមចុះមកមើល និងសួរសុខទុក្ខបងប្អូនកំពុងឡើងរថយន្តក្រុងត្រឡប់ទៅធ្វើការនៅទីក្រុងភ្នំពេញវិញ ហើយលោកក៏បានជូនពរដល់បងប្អូនទាំងអស់ធ្វើដំណើរតាមផ្លូវប្រកបដោយសុខសុវត្ថិភាព៕
ដោយ៖ សហការី