ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះរបស់ Bangkok Airways ក្លាយជាជើងហោះហើរពាណិជ្ជកម្មដំបូងគេ ដែលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

ចែករំលែក៖

ខេត្តសៀមរាប ៖ យន្តហោះរបស់ Bangkok Airways ក្លាយជាជើងហោះហើរពាណិជ្ជកម្មដំបូងគេ ដែលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ, អ្នកដំណើរទាំងអស់ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ បំពាក់ក្រមាខ្មែរ និងផ្កាកុលាបមួយទង !

សូមបញ្ជាក់ថា ៖ ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways ​គឺជាជើងយន្តហោះពាណិជ្ជកម្មដំបូងគេ ​ដែល​បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយមានការទទួលស្វាគមន៍ពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា​ ខណៈនៅថ្ងៃដំបូងនៃការបើក​ទទួលជើងហោះហើរ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ ​អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងទទួល​ជើងហោះហើរចំនួន១៧ជើង ឬស្មើនឹង៣៤ចលនាជើងហោះហើរ (ចុះចត និងហោះឡើង)។

​ថ្លែងក្នុងពិធីស្វាគមន៍ទទួលជើងហោះហើរពាណិជ្ជកម្មដំបូង មកកាន់អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI)​ ​លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មានប្រសាសន៍ថា ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways, PG903​ បានចុះចតនៅវេលាម៉ោង ០៨៖៥០នាទីព្រឹកនេះ ដែលចាត់ទុកជាជើងយន្តហោះពាណិជ្ជកម្មដំបូងបំផុត ដែលបានចុះចតនៅអាកាសយានដ្ឋានដ៏ថ្មីស្រឡាង​នេះ។

ជើងហោះហើរដំបូងនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ទាក់​ ពីលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្ស៊ី វិស្សុត​ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សាលាខេត្តសៀមរាប អាជ្ញាធរពាក់ព័ន្ធ ក្រុមហ៊ុនសាងសង់ និងវិនិយោគិនអាកាសយានដ្ឋានមកពីខេត្តយូណាន់ ប្រទេសចិន ចូលរួមផងដែរ ដោយអ្នកដំណើរទាំងអស់ ទទួលបានការបំពាក់ក្រមាខ្មែរ១ រួមនឹងផ្កាកុលាបម្នាក់មួយទងផងដែរ។

​តាមរយៈការទទួលស្វាគមន៍យ៉ាងរួសរាយរាក់ទាក់ ពីសំណាក់មន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលនេះ ភ្ញៀវដែលបានធ្វើមកដល់ បានបង្ហាញនូវទឹកមុខសប្បាយរីករាយយ៉ាងខ្លាំង។

លោកមានប្រសាសន៍បន្តថា «នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ ជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់​កម្ពុជា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រដ្ឋបាលខេត្តសៀមរាប និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប និងទូទាំងប្រទេស រួមទាំងវិស័យឯកជនពាក់ព័ន្ធ ដែលមានសេចក្តីរំភើបឥតឧបមា នៅពេលអាកាសយានដ្ឋានលំដាប់អន្តរជាតិថ្មីនេះ ចាប់ផ្តើមដំណើរការពីពេលនេះតទៅ តាមការគ្រោងទុក»។

លោកបានលើកឡើងទៀតថា ៖ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ មិនត្រឹមតែគិតលើតម្រូវការបច្ចុប្បន្ននោះទេ គឺមានចក្ខុវិស័យវែងឆ្ងាយ ដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌ តាមស្ដង់ដាអន្តរជាតិ លំដាប់ប្រភេទ៤អ៊ី (4E) និងតម្រូវការ ដើម្បីបម្រើការហោះហើរគ្រប់ប្រភេទ ចាប់តាំងពីអាកាសយានប្រភេទតូច ដល់ប្រភេទធំៗ ដូចជា Airbus 350 ឬ Boeing 787 ជាដើម និង សម្រាប់ទទួលជើងហោះហើរក្នុងតំបន់ និងជើងហោះហើរឆ្ងាយៗ ដោយមានសមត្ថភាពទទួលអាកាសយានចំនួន ៣៨ ចំណត​ ទទួលអ្នកដំណើរតាមផ្លូវអាកាសបាន៧លាននាក់ក្នុងឆ្នាំ២០២៤ និង១២ លាននាក់ក្នុងឆ្នាំ២០៤០ ខាងមុខ ព្រមទាំងអាចផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន១០,០០០តោន ក្នុងឆ្នាំ២០២៤ និង២៦,០០០តោន ក្នុងឆ្នាំ២០៤០ខាងមុខ។

តាមការព្យាករណ៍ទុក​ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នឹងគ្រោងទទួលជើងហោះហើរ បានចំនួន ៦៥,០០០ជើងក្នុងឆ្នាំ២០២៤ និង១១២,០០០ ជើងក្នុងឆ្នាំ២០៤០។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្ស៊ី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីមានប្រសាសន៍ថា ​ការបើកឱ្យប្រើប្រាស់ និងទទួលជើងហោះហើរពាណិជ្ជកម្មដំបូង មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គនាថ្ងៃនេះ គឺជាកាបើកទំព័រថ្មីមួយក្រោយវិបត្តិកូវីដ-១៩ របស់កម្ពុជា ក្នុងការលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍ នៅលើទឹកដីជាប្រវត្តិសាស្ត្ររបស់ខ្លួន ដែលមានព្រលានយន្តហោះស្ដង់ដារអន្តរជាតិធំជាងគ​នៅកម្ពុជា នៅលើទឹកដីសៀមរាប។

​សូមជម្រាបផងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប គ្រោងនឹងដាក់សម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាល​ចិន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ តាមប្រភពផេកកូនខ្មែរ ដែលបានលើកឡើងថា ៖ យន្តហោះរបស់ Bangkok Airways ក្លាយជាជើងហោះហើរពាណិជ្ជកម្មដំបូងគេ ដែលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៕

ដោយ ៖ សហការី


ចែករំលែក៖