ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យគ្រោះ​មហន្តរាយ៖ ជំនន់ទឹកភ្លៀងនៅខេត្តកំពង់ស្ពឺ​ប៉ះពាល់ប្រជាពលរដ្ឋជាង ៥០០ គ្រួសារ

ចែករំលែក៖

ខេត្ត​កំពង់​ស្ពឺ​៖​ ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៥០០ គ្រួសារ រស់នៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ​ ត្រូវ​បានរងផលប៉ះពាល់ដោយ​សារតែជំនន់​ទឹកភ្លៀង​ និង​ជម្លៀស​ទៅ​រក​ទី​ទួល​សុវត្ថិភាព​ចំនួន ១៧ គ្រួសារ ព្រម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ទៀត។​ នេះបេីយោង​តាមការបញ្ជាក់ពី​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក សុទ្ធ គឹមកុលមុនី បាន​ថ្លែង​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី១៦ ខែតុលា​ ឆ្នាំ​២០២៣។  

លោកអ្នកនាំពាក្យរូបនេះ​ ​បាន​ថ្លែងបន្ត​ថា ទឹក​ចាប់ផ្ដើម​ជន់​លិច​ហូរ​កាត់​ផ្លូវជាតិ​លេខ ៣ ត្រង់​ចំណុច​ស្រុក​គងពិសី នៅ​ថ្ងៃ​ទី ១៥ ខែ​តុលា បណ្តាល​ឱ្យ​អាជ្ញាធរ​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ជា​បណ្ដោះអាសន្ន ដើម្បី​ចៀសវាង​ការ​ខូចខាត​ផ្លូវ និង​គ្រោះថ្នាក់​ផ្សេងៗ ដល់​អ្នក​ធ្វើដំណើរ។

បន្ថែមពីនេះ​ លោក សុទ្ធ គឹមកុលមុនី បានបញ្ជាក់ទៀតថា​ អាជ្ញាធរ​មូលដ្ឋាន និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ចុះ​ពិនិត្យ និង​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​ប្រមាណ​ជាង ៥០០ គ្រួសារ និង​ជម្លៀស​ប្រជាពលរដ្ឋ​ចំនួន ១៧ គ្រួសារ ទៅ​រក​ទី​ទួល​សុវត្ថិភាព​បាន​ទាន់​ពេលវេលា។​ ប៉ុន្ដែ​ទោះជាយ៉ាងណា​ក៏ដោយ​ នៅ​ព្រឹក​ថ្ងៃ​ទី១៦តុលា​នេះ ទឹក​បន្ត​ស្រក​ជា​បណ្តើរៗហើយ បាន​ហូរ​ធ្លាក់​ទៅ​ខេត្ត​កណ្តាល និង​ខេត្ត​តាកែវ បង្ក​ឱ្យជន់​លិច​នៅ​តាម​តំបន់​មួយ​ចំនួន នៃ​ខេត្ត​ទាំងពីរ​នេះ​៕

ដោយ​៖ សហការី​


ចែករំលែក៖