ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសខួបកំណើតគម្រប់ ៤៦ ឈានចូល ៤៧ឆ្នាំ។
នៅក្នុងសារលិខិតរបស់នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា តាងនាមថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមខ្ញុំបាទផ្ទាល់ សូមសម្ដែងនូវ អំណរសាទរដោយក្តីគោរពស្រលាញ់ដ៏ស្មោះអស់ពីដួងចិត្តចំពោះ សម្តេចមហាបថរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដ៏មហានក្ខត្តឫក្សនៃពិធីចម្រើនជន្មាយុគម្រប់ ៤៦ ឈានចូល ៤៧ឆ្នាំ នៅថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។
យើងខ្ញុំសូមឆ្លៀតយកឱកាសដ៏វិសេសវិសាលនេះ សម្តែងនូវកតញ្ញុតាធម៌ចំពោះ សម្តេចមហាបបធិបតី នាយករដ្ឋមន្ត្រី ដែលបានលះបង់កម្លាំងកាយចិត្ត គំនិត ប្រាជ្ញា ស្មារតី និងបទពិសោធន៍ដ៏ប៉ិនប្រសប់ បង្ហាញ ឲ្យសកលលោកបានស្គាល់អំពីកិត្យានុភាព និងឧត្តមភាពនៃកម្ពុជា តាមរយៈការប្រើប្រាស់បញ្ញាញាណ និង ទេពកោសល្យដ៏ឧត្តុង្គឧត្តម សក្តិសមជាកុលបុត្រឆ្នើមក្នុងការបន្តថែរក្សាសុខសន្តិភាពជូនជាតិមាតុភូមិ នាំមក នូវការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងទទួលបាននូវការគោរពស្រលាញ់ គាំទ្រ និងភាពជឿជាក់ពីសំណាក់ ប្រជាពលរដ្ឋទូទៅ កម្មករ កម្មការិនី មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់។
ក្នុងនាមថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមខ្ញុំបាទផ្ទាល់ សូមលើកហត្ថ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សា និងប្រោះព្រំ សព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរជូន សម្តេចមហាបទធិបតី និងលោកជំទាវ ព្រមទាំងបុត្រ-បុត្រធីតាជាទីស្រលាញ់ សូមមានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្ល ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំព្រះរាជាណាចក្រកម្ពុជាទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន រុងរឿងជានិរន្តរ៍តរៀងទៅ។
សូម សម្តេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទ៕
ដោយ៖ សហការី