ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីស្រាអែល អាចប្រឈមនិងសម្ព័ន្ធអារ៉ាប់ទាំងមូល ដោយសង្គ្រាមវាយប្រហារនៅហ្គាហ្សា

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា មេដឹកនាំអារ៉ាប់ នៅថ្ងៃសៅរ៍នេះ បានថ្កោលទោសការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលលើតំបន់ហ្គាហ្សា ក្នុងរយៈពេល ២សប្តាហ៍មកនេះ ហើយទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងរកដំណោះស្រាយសន្តិភាពសម្រាប់តំបន់មជ្ឈិមបូព៌ា និងឈានទៅបញ្ចប់អំពើហិង្សារយៈពេលរាប់ទសវត្សរ៍រវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន។
នៅឯកិច្ចប្រជុំកំពូលសន្តិភាពក្នុងទីក្រុងគែរ ស្តេច Abdullah របស់ហ៊្សកដានី បានរិះគន់នូវអ្វីដែលទ្រង់ចាត់ទុកថា ពិភពលោកហាក់ស្ងប់ស្ងាត់ចំពោះការវាយប្រហារឆ្លើយតបរបស់អ៉ីស្រាអែលទៅក្រុមហាម៉ាសប៉ាឡេស្ទីន ហើយជំរុញកុំឲ្យប្រើវិធីសាស្រ្តដោះស្រាយតែម្ខាងចំពោះជម្លោះនេះ។ ស្តេច Abdullah បានមានព្រះរាជបន្ទូលថា «សារដែលពិភពអារ៉ាប់កំពុងឮគឺជីវិតរបស់ប្រជាជនប៉ាឡេស្ទីនមិនសូវសំខាន់ដូចប្រជាជនអ៉ីស្រាអែល»។ ទ្រង់មានការខឹងសម្បារ និងសោកសៅចំពោះអំពើហិង្សាសាប្រឆាំងនឹងជនស៉ីវិលស្លូតត្រង់នៅតំបន់ហ្គាហ្សា និងតំបន់ West Bank រួមទាំងអ៉ីស្រាអែលផងដែរ។
បណ្តាប្រទេសអារ៉ាប់ បានសម្តែងការខឹងសម្បារចំពោះការទម្លាក់គ្រាប់បែកមិនធ្លាប់មានពីមុនមករបស់អ៉ីស្រាអែល និងការឡោមព័ទ្ធតំបន់ហ្គាហ្សាដែលមានប្រជាជនចំនួន ២.៣លាននាក់។ ប្រធានាធិបតីអេហ្ស៉ីប លោក អាប់ដែល ហ្វាតា អាល់ស៉ីស៉ី (Abdel Fattah al-Sisi) បាននិយាយថា ប្រទេសរបស់លោកប្រឆាំងនឹងការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីនចូលទៅក្នុងតំបន់ Sinai របស់អេហ្ស៉ីប និងចង់ឲ្យមានការផ្តល់សិទ្ធិស្របច្បាប់សម្រាប់ប៉ាឡេស្ទីន។
ការជួបជុំគ្នានៅទីក្រុងគែរ កំពុងពុងព្យាយាមស្វែងរកមធ្យោបាយដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្លោះក្នុងតំបន់។ ប៉ុន្តែមន្រ្តីទូត ៣រូបនិយាយថា ទំនងជានឹងមិនសម្រេចបាននូវសេចក្តីថ្លែងការណ៍រួមនោះទេ ដោយសារតែមានភាពរសើបជុំវិញការអំពាវនាវឲ្យមានការឈប់បាញ់ និងថាតើត្រូវលើកឡើងដែរឬទេអំពីការវាយប្រហាររបស់ក្រុមហាម៉ាស ឬសិទ្ធិការពារខ្លួនរបស់អ៉ីស្រាអែល៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖