ភ្នំពេញ ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រី បច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកតាមសណ្តស្ទឹងព្រែកត្នោត ស្ថិតក្នុង ភូមិសាស្ត្រខេត្ត កំពង់ ស្ពឺ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសបានអញ្ជើញចុះពិនិត្យ ស្ថានភាព ទឹកស្ទឹងព្រែកត្នោតនៅតាមអាងទឹកធំៗ មួយចំនួនដូចជា ស្ថានីយពាមឃ្លៃ ស្ថិតក្នុងឃុំទំព័រមាស សំណង់ទ្វារទឹករលាំងជ្រៃ ស្ថិតក្នុងឃុំ កាហែង ស្រុកសំរោងទង ទ្វារទឹកទំនប់តាសាល ស្ថិតក្នុង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និង ទំនប់៧មករា ក្នុងខេត្តកណ្តាល។
ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកតោ្នត នៅ ផ្នែក ខាង លើក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ទឹកកំពុង ស្រ ក ចុះ បណ្តើរៗ គិតត្រឹមម៉ោង ១១ ៖០០ ថ្ងៃនេះ ស្ថានីយពាមឃ្លៃ ទឹកមានកម្ពស់ ៥,៣៥ ម៉ែត្រ ធៀបកម្ពស់ ប្រុង ប្រយ័ត្ន ៧,៥០ម៉ែត្រ ចំណែក សំណង់ទ្វារ ទឹករលាំងជ្រៃ ទឹកមានកម្ពស់ ៧,៦៨ម៉ែត្រ ធៀបកម្ពស់ប្រុងប្រយ័ត្ន ៧,៥០ ម៉ែត្រ ខណៈទ្វារទឹកចំនួន ៥ទ្វារបានបើកកម្ពស់ ១ម៉ែត្រ។
ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់ថា ទ្វារទឹកទំនប់តាសាល ទាំងអស់បានបិទទាំងស្រុង ទឹកមានកម្ពស់ ១៩,១៥ម៉ែត្រ ធៀបកម្ពស់ ប្រុង ប្រយ័ត្ន ១៩,៥០ម៉ែត្រ។
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា តាមការព្យាករកម្ពស់ទឹកផ្នែកខាងលើចាប់ផ្តើមស្រក ជាបន្ត បន្ទាប់ ដែល សន្ទុះសម្រកនេះប្រើរយៈពេលពី ១២ ទៅ៣៦ម៉ោង ទើបផ្នែកខាងក្រោមចាប់ផ្តើមស្រក។
តាមស្ថានភាពនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា យ៉ាងយូរពីរបីថ្ងៃទៀត ទឹកស្ទឹងព្រែកត្នោតនឹងវិលមករកសភាពធម្មតាវិញហើយៗលោកក៏បានបន្តផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសទាំងអស់ ជាពិសេស មន្ទីរធនធានទឹក និងឧតុនិយម ត្រូវរួមសហការជាមួយអាជ្ញាធរក្នុងមូលដ្ឋាន បន្តការតាមដានដោយ យក ចិត្ត ទុកដាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត៕
ដោយ ៖ ភារ៉ា ដង្កោ