ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាបញ្ជូនយុវជនមានពិការភាព ៤រូប ទៅប្រកួតផ្នែកព័ត៌មានវិទ្យាឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនយុវជនមានពិការភាពជម្រើសជាតិចំនួន ៤រូប ដើម្បីចូលរួមប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០២៣ (Global IT Challenge for Youth with Disability 2023) នៅទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមីរ៉ាត ដោយផ្ទាល់ ចាប់ពីថ្ងៃទី២៣-២៩ ខែតុលា ឆ្នាំ២០២៣។

គួរបញ្ជាក់ផងដែរថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃនិងប៉ិនប្រសព្វរបស់ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានធ្វើឱ្យវិស័យពិការភាពមានការរីកចម្រើន និងត្រូវបានយកចិត្តទុកដាក់ជាខ្លាំង។

យោងតាមសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានឲ្យដឹងថា ការប្រកួតប្រជែងនេះចែកជាពីរគឺ ការប្រកួតដោយផ្ទាល់និងតាមអនឡាញ ដែលមានប្រទេសចំនួន១៨គឺ ព្រះរាជាណាចក្រកម្ពុជា អារ៉ាប់អេមីរ៉ាត កូរ៉េ ប៉ាគីស្ថាន អេហ្ស៊ីប ណេប៉ាល់ ម៉ុងហ្គោលី កេនយ៉ា អេចពី បង់ក្លាដែស ចិន ឥណ្ឌា វៀតណាម ថៃ ហ្វីលីពីន ម៉ាឡេស៊ី ឡាវ និងឥណ្ឌូនេស៊ី។

ក្រៅពីចូលរួមប្រកួតផ្ទាល់នៅអារ៉ាប់រួម យុវជនមានពិការភាពកម្ពុជា ចំនួន ១៩រូប ក៏នឹងចូលរួមប្រកួតប្រជែងតាមអនឡាញពីកម្ពុជា ចាប់ពីថ្ងៃទី២៥-២៧ ខែតុលា ឆ្នាំ២០២៣ ផងដែរ។

អគ្គលេខាធិការដ្ឋានបានស្នើថា៖ «សូមសាធារណៈជនទាំងអស់ចូលរួមលើកទឹកចិត្តដល់យុវជនមានពិការភាព នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលបានជោគជ័យជូនជាតិមាតុភូមិនៃយើងទាំងអស់គ្នា»។

ស្របជាមួយគ្នានេះដែរប្រតិភូកម្ពុជាក៏នឹងចូលរួមវេទិកាបរិយាបន្ននិងនវានុវត្តន៍ ហៅកាត់ថា អាយអែនអាយ (InI) Inclusive and Innovation Forum ដើម្បីពិភាក្សានិងអនុម័តលើកិច្ចព្រមព្រៀងអាប៊ូដាប៊ីស្តីពីការអភិវឌ្ឍន៍ផ្នែកព័ត៌មានវិទ្យាឌីជីថលនៅពេលអនាគតសម្រាប់ជនមានពិការភាព។

ការប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០២៣ នេះមានអ្នកចូលរួមសរុប ចំនួន ៥៣៦រូប ក្នុងនោះយុវជនមានពិការភាព ចំនួន ៤៦១រូប (ប្រកួតផ្ទាល់ចំនួន ៩៥រូប និងប្រកួតតាមអនឡាញចំនួន ៣៦៦រូប)។

ការប្រកួតនេះគឺមានវិញ្ញាសារចំនួន៦ មានដូចជា+ 1-eTool (Powerpoint) 2-eTool (Excel) 3-eLifeMap 4-eContents 5-eCreative_Smart Car 6-eCreative_loT 1៕

ដោយ ៖ សហការី


ចែករំលែក៖