ភ្នំពេញ៖ ខណៈរាជធានីភ្នំពេញ ជាម្ចាស់ផ្ទះទទួល ទីកន្លែងរៀបចំ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះ ព្រះខែខាងមុខនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឹងកំពុងអនុវត្តការងារយ៉ាងសកម្ម ទៅលើការតុងតែង ដើម្បីធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ កាន់តែមានសោភណ្ឌភាពស្រស់បំព្រង ជាមួយនឹងការរៀបចំកន្លែងកីឡាករអុំទូកស្នាក់នៅ ការរៀបចំបន្ទប់ងួតទឹក និងបង្គន់អនាម័យជាដើម។ មន្ទីរបានត្រៀមកម្លាំងកម្មករជាង៣០០នាក់ ដើម្បីសម្អាតសម្រាមនៅលើសួនច្បារថែមទៀត។
លោក ស៊ូ សាវ៉ន ប្រធានការិយាល័យ សួនច្បារ និង រុក្ខជាតិ នៃមន្ទីរ សាធារណ ការ និង ដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃ៩កើត ខែអស្សុជ ឆ្នាំថោះបញ្ចស័កព.ស២៦៧ ត្រូវនឹងថ្ងៃ២៣ តុលា ២០២៣ ថា៖ តាមមតិដឹកនាំ របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែខាងមុខនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មានភារកិច្ចជាច្រើន ដើម្បីលើកសោភ័ណភាពរបស់រាជធានីភ្នំពេញអោយកាន់តែស្រស់បំព្រង ក្នុងនោះ ក្រុមការងារបានកាត់តៃមែកឈើ នៅតាមមហាវិថីសំខាន់ៗនៅមហា វិថីព្រះសីហនុ បានរួចរាល់,នៅមហាវិថីព្រះសុរ៉ាម្រិតបានរួចរាល់, នៅសួនឆ្នេរទន្លេ បាននិងកំពុងអនុវត្ត, មហាវិថីសុធារស នឹងអនុវត្តនៅសប្តាហ៍នេះ,តិរិវិថីព្រះស៊ីសុវត្ថិនឹងអនុវត្តនៅសប្តាហ៍ទី១ ខែវិច្ឆិកា ២០២៣, មហាវិថីព្រះនរោត្តម នឹងអនុវត្តនៅសប្តាហ៍ទី២ខែវិច្ឆិកា ២០២៣។ ចំពោះ ការងារ លាបកំបោពណ៌សតាមគល់ដើមឈើ និងខឿនផ្លូវ នឹងអនុវត្តនៅសប្តាហ៍ទី១ ខែវិច្ឆិកា ២០២៣ ។ ដាក់ភ្លើងលម្អរតាមដើមឈើ បង្គោលភ្លើង សួនច្បារ និងស្ពានសំខាន់ៗ ការងារនេះ ក្រុមការងារកំពុងអនុវត្ត។ រៀបចំរបាកាត់ទទឹងផ្លូវ, ។ លាបគំនូសចរាចរណ៍តាមមហាវិថីសំខាន់ៗ នឹងអនុវត្តនៅសប្តាហ៍ទី១ ខែវិច្ឆិកា ២០២៣ ។
លោកបានបន្តថា៖ការងារជួសជុលថ្មក្រានីតនៅតាមសួនច្បារវិមានឯករាជ្យ សួនមុខវត្តបទុម សួនសម្តេចនាយក និងសួនឆ្នេរទន្លេ ការងារនេះ ក្រុមការងារបាននឹងកំពុងអនុវត្ត ។ កែលម្អសួនរង្វង់មូលសម្តេចសង្ឃរាជជួន ណាត សួនច្រមុះជ្រូកខាងលិចសួនរង្វង់មូលជួន ណាត សួនសែនមនោរម្យ សួនរង្វង់មូលសំពៅមាស និងសួនច្រមុះជ្រូកខាងជើងស្ពានអាកាស៧មករា បានអនុវត្តរួចរាល់ ។ រៀបចំបន្ទប់ទឹកចល័តចំនួន ១០០ គ្រឿង (៨-១០ ទីតាំង) ចាប់ពីមុខផ្សាររាត្រីដល់ស្ពានកោះពេជ្រ អនុវត្តនៅចុងសប្តាហ៍ទី២ ខែវិច្ឆិកា ២០២៣។
លោកបន្តថា៖មានការរៀបចំកម្លាំងចំនួន ៣៩២ នាក់ និងសំភារៈផ្សេងៗ សំរាប់សម្អាត សម្រាមនៅលើសួនច្បារក្នុងកំឡុងពេលបុណ្យអុំទូក។ រៀបចំកន្លែងកីឡាករអុំទូកស្នាក់នៅ។ ឈួសឆាយព្រៃ ត្រែង និងពង្រាបដី បាននឹងកំពុងសម្របសម្រួល ។ រៀបចំហេដ្ឋារចនាសម្ព័ន្ធ (ទឹក ភ្លើង និងផ្លូវ) នឹងអនុវត្ត នៅសប្តាហ៍ទី១ ខែវិច្ឆិកា ២០២៣ជាមួយនិងការរៀបចំបន្ទប់ងួតទឹកចំនួន ១០០ បន្ទប់ និងបង្គន់អនាម័យ ៣០០គ្រឿង៕
ដោយ៖ សំរិត