ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងសុខាភិបាលដឹកនាំកិច្ច ប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាលលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ព្រមទាំងបែងចែកតួនាទីភារកិច្ចជូនទីប្រឹក្សាក្រសួងសុខាភិបាល។

ក្នុងកិច្ចប្រជុំនេះដែរលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំទទួល បន្ទុកការងារពង្រឹងការផ្តល់សេវានៅតាមមន្ទីរពេទ្យថ្នាក់ជាតិ ខេត្ត ស្រុក ចុះពិនិត្យផ្ទាល់ និងជាប់ជាប្រចាំនៅមូលដ្ឋានសុខាមភិបាលតាមបណ្តាខេត្ត ដើម្បីជួយទាំងផ្នែកបណ្តុះបណ្តាល និងបច្ចេកទេស។ លោកបានគូសបញ្ជាក់ថា ចំពោះវិស័យឯកជនស្នើសុំផ្នែកពាក់ព័ន្ធពិនិត្យក្នុងការផ្តល់អាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល ដោយត្រូវពិនិត្យលក្ខខណ្ឌឱ្យបានច្បាស់នលាស់ និងត្រូវអនុវត្តវិធានការសុខាភិបាល ឱ្យបានម៉ឺងម៉ាត់ចំពោះវិស័យឯកជនដែលអនុវត្តខុសពីលក្ខខណ្ឌបចេ្ចកទេសសុខាភិ បាល ធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋ។

កិច្ចប្រជុំរៀបចំឡើងតាមរយៈប្រព័ន្ធហ៊ីប្រីដ៍ Hybrid និងមានវត្តមានផ្ទាល់ នៅទីស្តីការក្រសួងសុខាភិបាល និងវត្តមានតាមបណ្តាខេត្តក្រុង តាមរយៈប្រព័ន្ធវីដេអូសន្និសទី ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការនៃក្រសួងសុខាភិបាល។

សូមបញ្ជាក់ដែរថា ក្រសួងសុខាភិបាលនឹងរៀបចំកិច្ចប្រជុំកម្រិតថា្នក់ដឹកនាំ ២ដងក្នុងមួយខែ រៀងរាល់ថ្ងៃចន្ទ នៃសប្តាហ៍ទី២ និងទី៤ ព្រមទាំងកិច្ចប្រជុំប្រចាំខែ ចាប់ពីប្រធានការិយាល័យនៃទីស្តីការក្រសួងសុខាភិបាលឡើងទៅ រៀងរាល់ថ្ងៃព្រហស្បតិ៍ សប្តាហ៍ចុងក្រោយនៃខែ៕

ដោយ៖ សូរិយា


ចែករំលែក៖