ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជំនាញអារ្យធម៌ខ្មែរ ៖ ក្រោមមាគ៌ាដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត មរតកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កំពុងជះពន្លឺយ៉ាងត្រចះត្រចង់

ចែករំលែក៖

ភ្នំពេញ៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថានៅថ្ងៃទី២៣តុលា ឆ្នាំ២០២៣នេះ ជាថ្ងៃគម្រប់ខួបលើកទី៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ ដែលបាននាំមកនូវការបញ្ចប់សង្រ្គាមស៊ីវិលជាច្រើនទសវត្សរ៍នៅកម្ពុជា ចាប់តាំងពីរដ្ឋប្រហារ លន់ នល់ ឆ្នាំ ១៩៧០និងបន្តឆ្លងកាត់វាលពិឃាដសម័យខ្មែរក្រហមពីឆ្នាំ ១៩៧៥-៧៩ ជាបន្ដបន្ទាប់មក ។ បាននាំឲ្យសាធារណៈមតិជាតិ-អន្ដរជាតិ បានស្គាល់យ៉ាងច្បាស់អំពីទស្សនៈវិជ្ជានយោបាយ​ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន​ ក្នុងការពន្លត់ភ្លើងសង្គ្រាម នាំមកនូវសនិ្ដភាព និង​ការអភិវឌ្ឍលើគ្រប់វិស័យ​រហូតធ្វើឲ្យ​អន្ដរជាតិទទួលស្គាល់ថា កម្ពុជាគួរត្រូវបានទុកជាគំរូដល់បណ្ដាប្រទេសនានាលើពិភពលោក ។

យើងឃើញថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងដំណើរការនៃរាជរដ្ឋាភិបាលអាណត្ដិទី៧ ដែលមានរយ:ពេលជាង១ខែមកនេះ ដែលសម្ដេចធិបតី បានបំពេញបេសកកម្មផ្លូវការថ្នាក់តំបន់ កិច្ចប្រជុំអាស៊ាន ថ្នាក់ពិភពលេាក កិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ ព្រមទាំងដំណើរបំពេញបេសកកម្មផ្លូវការជាច្រើនទៀតលើពិភពលោក ក្រោយពីការប្រសូត្រចេញពីឆន្ទ:របស់ប្រជាពលរដ្ឋ ​តាមរយៈ​ការបោះឆ្នោតនៅថ្ងៃទី២៣ កក្ក​ដា ឆ្នាំ២០២៣ គឺស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កំពុងជះពន្លឺយ៉ាងត្រចះត្រចង់និងស្រស់បំព្រងលើទឹកដីអង្គរដ៏ស្រស់បវរនៃយើង។

លោក រ័ត្ន សណ្តាប់ បន្ដថាបច្ចុប្បន្ន ចំពោះមាតុភូមិអង្គរដ៏ស្រស់បវរនៃយើង ក្រោយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាង៣០ ឆ្នាំមកនេះ បានដំណើរការនៃការបោះឆ្នោតសកលប្រព្រឹត្ដទៅប្រាំពីរលើកហើយ​ កម្ពុជា​បានដើរតាមលំអានលទ្ធិប្រជាធិបតេយ្យជានិច្ច និងបានទទួលនូវការអបអរសាទរពីមតិជាតិ និង​អន្ដរជាតិជាប់ជានិច្ចផងដែរ ។ 

ព្រោះតាមខ្លឹមសារនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសបានបញ្ជាក់យ៉ាងច្បាស់ គឺ​បញ្ចប់នូវសង្រ្គាមផ្ទៃក្នុងប្រទេស​ ​ប្រជាពលរដ្ឋ​រស់នៅ ប្រកបដោយសុវត្ថិភាព​ វឌ្ឈនភាព​ សេរីភាព​ គ្មានការជ្រៀតជែ្រក​គ្មាន​ការគាបសង្កត់​ពី​អំណាច​​បរទេស ជំរុញឲ្យកម្ពុជាទទួលបាននូវសន្ដិភាពជា​​និរន្ដន៍។

ផ្ទុយទៅវិញ​ នៅថ្ងៃទី២៣​ តុលា​នេះ ក្រុមប្រឆាំងនៅក្រៅប្រទេសខ្លះ តែងយកលេសដដែលៗថា​ ពួកគេប្រារព្ធ​ពិធី២៣​ តុលា ដើម្បី​​រំឭកខួបគម្រប់៣២ឆ្នាំនៃកិច្ចព្រ​មព្រៀងសន្ដិភាព​ទីក្រុង​ប៉ារីស។​​ ការពិតក្រុមប្រឆាំង​តែងយកទិវានេះ​ មកធ្វើជាចលនាបំផុសបំផុលញុះញង់ចុះតាមផ្លូវថ្នល់ដោយស្រែក​ប្រកូ​ក​ប្រកាស​ច្រំដែលៗថា រាជរដ្ឋាភិបាលមិនបានអនុវត្ដតាមខ្លឹមសារ​កិច្ចព្រមព្រៀងសន្ដិភាព​ទីក្រុង​ប៉ារីស។

ចលនានេះ បានបង្ហាញយ៉ាងច្បាស់ពីចេតនាផ្ដួលរំលំរាជរដ្ឋាភិបាល ដែលផ្ទុយពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ព្រោះថាការផ្លាស់ប្ដូររាជរដ្ឋាភិបាលពីអាណត្តិមួយទៅអាណត្តិមួយអាចធ្វើទៅបានតាមទម្រង់និងរូបភាពតែមួយគត់ គឺការបោះឆ្នោត។ ហើយការបោះឆ្នោតកន្លងមកនេះទៀតសោត ក៏​បានសបញ្ជាក់​​យ៉ា​ងច្បាស់ថា ប្រជាពលរដ្ឋនៅបន្ដការគាំទ្រ​គណបក្សប្រជាជន​កម្ពុជាយ៉ាងភ្លូកទឹកភ្លូកដី។

ព្រោះក្នុងការខិតខំប្រឹងប្រែងអស់រយៈពេលជាង១ទស្សវត្សដើម្បីសម្រេចឲ្យបាននូវការឯកភាពមួយរវាងប្រទេសទាំង១៨ រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងនោះមានប្រទេសមហាអំណាចទាំង៥ ចិន រុស្ស៉ី បារាំង អង់គ្លេស សហរដ្ឋអាមេរិក សង្រ្គោះប្រទេសមួយគឺកម្ពុជា ឲ្យផុតពីការរងគ្រោះ គឺមិនជាការធម្មតាទេ។ ប្រវត្តិសាស្រ្តមិនអាចបកក្រោយបានទេ។ អង្គការសហប្រជាជាតិ ពុំអាចអនុញ្ញាតឲ្យកម្ពុជាវិលថយក្រោយ ទៅរកភាពវិនាសកម្មបានទៀតឡើយ។

ដូច្នេះកម្ពុជាស្ថិតក្រោមមាគ៌ាដឹកនាំរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត ពិតជាលើកកម្ពស់គុណតម្លៃសន្ដិភាព ដែលជាអាយុជីវិតនៃស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយភាពរឹងមាំ អំណត់អត់ធ្មត់ ក្នុងការខិតខំដោះស្រាយនូវកាកសំណល់មីនដែលបន្សល់ពីសង្គ្រាមឲ្យអស់នៅឆ្នាំ ២០២៥ និងនាំនាវាកម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចកម្រិតខ្ពស់ដូចអារ្យប្រទេសនានាលើពិភពលោកនៅឆ្នាំ២០៥០៕

ដោយ ៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់


ចែករំលែក៖