ព័ត៌មានទាន់ហេតុការណ៍៖

សូមរម្លឹកអំពី សេចក្តីប្រកាសរួម រវាងសម្ដេចនរោត្តមសីហនុ និងឯកឧត្តម ហ៊ុន សែន ឆ្នាំ១៩៩១

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ សូមរម្លឹក អំពី សេចក្តីប្រកាសរួម រវាងសម្ដេចនរោត្តមសីហនុ និងឯកឧត្តម ហ៊ុនសែន ឆ្នាំ១៩៩១។ 

ក្នុងទិសដៅជំរុញនូវដំណោះស្រាយនយោបាយ នៃបញ្ហាកម្ពុជានិងការបង្រួបបង្រួមជាតិ សម្ដេចនរោត្តមសីហនុ និង ឯកឧត្តម ហ៊ុនសែន បានព្រមព្រៀងគ្នាដូចតទៅ : 

-ឯកឧត្តម ហ៊ុនសែន បានព្រមព្រៀងប្រគល់ថ្វាយសម្ដេចនរោត្តមសីហនុធ្វើជាប្រធាន នៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដោយមិនចាំបាច់មានអនុប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ និង ដោយ រក្សាចំនួនសមាសភាពក្នុងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ត្រឹម 12 រូបដដែល   

-ដើម្បីអនុវត្តដោយពេញលេញនៅតួនាទីជាប្រធាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់សម្ដេចនរោត្តមសីហនុបានសម្រេចព្រះរាជហឫទ័យ លាឈប់ពីតំណែងជាប្រធាននៃចលនាតស៊ូកម្ពុជានិងប្រធាននៃរាជរដ្ឋាភិបាលជាតិកម្ពុជា ហើយសម្ដេចទ្រង់ស្ថិតនៅជាអព្យាក្រឹត្យ ជាអ្នកសម្របសម្រួលដោយមិនស្ថិតនៅក្នុងភាគីណាមួយ ឬ នៅក្នុងបក្សនយោបាយណាមួយ ចាប់តាំងពីពេលនេះរហូតតទៅ។ 

-ក្នុងករណីរបៀបនេះ សម្ដេច នរោត្តមសីហនុ សម្រេចថា អ្នកដឹកនាំបន្តពីសម្ដេច នៅក្នុងចលនាតស៊ូកម្ពុជានិងនៅក្នុងរដ្ឋាភិបាលជាតិកម្ពុជា គឺអាស្រ័យដោយចលនាតស៊ូនិងរដ្ឋាភិបាលជាតិកម្ពុជាជាអ្នកជ្រើសតាំង។ 

-សម្ដេច នរោត្តមសីហនុ និង ឯកឧត្តម ហ៊ុនសែន ចាត់ទុកថានេះគឺជាដំណោះស្រាយដ៏ល្អ បំផុតដើម្បីបញ្ចប់នូវអារិយភាពរវាងភាគីកម្ពុជាទាំងឡាយដែលមានជម្លោះជាមួយគ្នា តាមរយៈតួនាទីអព្យាក្រឹត្យ និងសម្របសម្រួលរបស់សម្ដេច នរោត្តមសីហនុ ។ ក្នុងន័យនេះសម្ដេចនរោត្តមសីហនុ និង ឯកឧត្តម ហ៊ុនសែន អំពាវនាវចំពោះសមាជិកដទៃទៀតនៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់ឲ្យគាំទ្រនូវការព្រមព្រៀងនេះ។

ធ្វើនៅទីក្រុងប៉េកាំងថ្ងៃទី 17 ខែកក្កដា ឆ្នាំ 1991


ចែករំលែក៖