ខេត្តបាត់ដំបង៖ ប្រព័ន្ធធារាសាស្រ្តកង្ហតស្ថិតនៅក្នុងភូមិ សាស្ត្រខេត្ត បាត់ដំបង ជំហានទី១ត្រូវបានជួសជុលនិង ស្តារឡើងវិញក្នុងឆ្នាំ២០១០បញ្ចប់នៅឆ្នាំ២០១៤ និង ក្នុងឆ្នាំ២០១៥ បានបន្តជំហាន២ អនុវត្តដោយក្រសួង ធនធានទឹក និងឧតុនិយម ដោយប្រើប្រាស់ថវិកាឥណទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន។
ចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន ប្រព័ន្ធធារាសាស្ត្រកង្ហតទទួលបាននូវកិច្ចដំណេីរការជួសជុល និងថែទាំជាប្រចាំលេីបណ្តាញហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធទាំងមូលបានប្រមាណ ៨០% ដែលធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ៦៧.០០០ហិកតា ស្រូវប្រាំងចំនួន ១១.៥០០ហិកតា និងដំណាំរួមផ្សំមួយចំនួន ជូនប្រពលរដ្ឋចំនួន ១៨ឃុំ ក្នុងស្រុកចំនួន៤ (ស្រុកបាណន់ ស្រុកមោងឫស្សី ស្រុកគាស់ក្រឡ និងស្រុកសង្កែ) និងក្រុងបាត់ដំបង។
ប្រព័ន្ធនេះបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការងារស្រោចស្រព ការគ្រប់គ្រងទឹកជំនន់ក្នុងតំបន់ ជាផ្លូវគមនាគមន៍ បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងជាមធ្យោបាយសម្រាប់ដឹកកសិផលទៅកាន់ទីផ្សារ។
ប្រព័ន្ធធារាសាស្រ្តកង្ហត ទទួលបានប្រភពទឹកពីស្ទឹងសង្កែ និងពីផ្ទៃរងទឹកភ្លៀងពីផ្នែកខាង លើ តាមរយៈសំណង់កាត់ស្ទឹង បញ្ចាល់ទឹកតាមប្រឡាយ មេបេតុង ប្រឡាយមេ និងប្រឡាយរងសម្រាប់ស្រោចស្រព៕
ដោយ៖ សូរិយា