ភ្នំពេញ៖ ថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ គណៈឃោសនាអប់រំគណៈកម្មាធិការកណ្តាលបានបើកវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត ២ ជំនាន់ទី៥ ក្រោមអធិបតីភាពលោក ឯក សំអុល សមាជិកគណៈ
អចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល នៅវិមាន ៧មករា។ អញ្ជើញចូលរួមក្នុងពិធីនោះ រួមមាន ឯកឧត្តមជាប្រធាន អនុប្រធានគណៈជុំវិញគណៈកម្មាធិការកណ្តាល ដោយមានសិក្ខាកាមចូលរួម ចំនួន ១៣០ នាក់ ដែលជាមន្ត្រីរបស់គណបក្សមកពីក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។
លោក ឯក សំអុល បានថ្លែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី៥ នាឱកាសនេះ ស្របពេលដែលសភាពការណ៍ទូទៅរបស់ប្រទេសជាតិកំពុងមានការវិវត្តដ៏ល្អក្នុងដំណើរឆ្ពោះទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ និងបន្ទាប់ពីប្រជាជនយើងទើបនឹងបានប្រារព្ធពិធីបុណ្យភ្ជុំ បិណ្ឌប្រពៃណីជាតិប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព ។
ខ្ញុំសូមពាំនាំការសួរសុខទុក្ខ និងជូនពរពីសំណាក់ សម្តេចប្រធានគណបក្ស សម្តេចប្រធានកិត្តិយសគណបក្ស សម្តេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សទាំងអស់ ជូនចំពោះសិក្ខាកាម ក៏ដូចមន្រ្តីបុគ្គលិកបម្រើការងារក្នុងវគ្គសិក្សានេះ ប្រកបដោយក្តីនឹករឭក និងស្រឡាញ់ដ៏ជ្រាលជ្រៅ ។
លោក ឯក សំអុលបានថ្លែងថា ការអប់រំនយោបាយដល់មន្រ្តីគណបក្សគ្រប់ថ្នាក់ គឺជាគោលការណ៍ចម្បងមួយដែលគណបក្សយើងបានអនុវត្តតាំងពីក្នុងសម័យតស៊ូរំដោះជាតិរហូតមក ។ ការងារអប់រំនយោបាយ គឺជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សរបស់គណបក្សដែលពុំអាចខ្វះបានឡើយ ។ ក្នុងដំណាក់កាលបច្ចុប្បន្ននេះ ការអប់រំនយោបាយមានសារៈសំខាន់ចាំបាច់ក្នុងកសាងពង្រឹងជួរមន្រ្តីគណបក្ស អំពីទស្សនៈ គោលជំហរ សតិអារម្មណ៍ និងបង្កើនសមត្ថភាពក្នុងការអនុវត្តកម្មវិធីនយោបាយ លក្ខន្តិកៈ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានារបស់គណបក្ស ព្រមទាំងឆ្លើយតបទៅនឹងសំណូមពរនៃការកសាងកម្លាំងសម្រាប់បន្តវេនតទៅមុខទៀតផង ។
លោកបានបន្ថែមថា គប្បីចងចាំថា មន្រ្តីគណបក្ស គឺជាស្ពានតភ្ជាប់ពីគណបក្សទៅប្រជាជន ហើយអំពើល្អ និងសមត្ថភាពសម្រេចភារកិច្ចរបស់មន្រ្តីគណបក្ស ជាកត្តាដ៏សំខាន់ចាំបាច់ដែលធ្វើឲ្យប្រជាជនមានជំនឿជឿជាក់លើការដឹកនាំរបស់គណបក្ស ។ ដូច្នេះ មន្រ្តីរបស់គណ បក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវតែមានភាពរឹងមាំ និងស្អាត ស្អំ ទើបសម្រេចបាននូវតួនាទី ភារកិច្ចរបស់ខ្លួនដែលគណបក្សបានប្រគល់ជូន ។ ប្រការនេះ ទាមទារឲ្យមន្រ្តីគណបក្សគ្រប់ៗរូបត្រូវមានការយល់ដឹងត្រឹមត្រូវច្បាស់ លាស់អំពីគណបក្ស អំពីការងារគណបក្ស ក៏ដូចអំពីសភាពការណ៍ និងភារកិច្ចតាមដំណាក់កាលនីមួយៗ មានអត្តចរិត សីលធម៌ល្អប្រពៃ ព្រមទាំងត្រូវមានវិធីសាស្រ្តសម្រាប់ធ្វើការត្រិះរិះពិចារណាប្រកបដោយវិទ្យាសាស្រ្ត ។ ផ្អែកលើមូលដ្ឋាននេះ ទើបធានាបានសកម្មភាពដែលនាំមកនូវលទ្ធផលល្អប្រសើរជូនដល់ក្រសួង ស្ថាប័ន អង្គភាព រាជធានី ខេត្តរបស់ខ្លួន ក៏ដូចក្នុងការបម្រើប្រជាជន ។ ក្នុងស្មារតីនេះ ការអប់រំនយោបាយដល់មន្រ្តីគណបក្ស ជាការងារដែលត្រូវធ្វើឲ្យបានម៉ត់ចត់ និងប្រកាន់ខ្ជាប់នូវចរិតគណបក្ស ចរិតវិទ្យាសាស្រ្ត និងចរិតឯកភាពរវាងទ្រឹស្តី និងភាពជាក់ស្តែង ។
ជាទីបញ្ចប់លោកឯក សំអុល បានផ្តាំផ្ញើដល់សិក្ខាកាមត្រូវយកចិត្តទុកដាក់រៀនសូត្រ គោរពវិន័យ ថែរក្សាសុខភាព និងអនុវត្តនូវប្រការកំណត់នានារបស់វគ្គប្រកបដោយស្មារតីទទួលខុសត្រូវ ហើយមានទំនាក់ ទំនងជិតស្និទ្ធជាមួយគ្នា បង្ហាញនូវភាពជាអ្នកដឹកនាំ និងភាពជាគំរូល្អរបស់មន្រ្តីគណបក្ស និងសូមប្រសិទ្ធពរជូនឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បានប្រកបនូវពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ៖ សូរិយា