ព័ត៌មានទាន់ហេតុការណ៍៖

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ចេញសេចក្តីសម្រេចបង្កើតនិងចាត់តាំងក្រុមអ្នកនាំពាក្យ

ចែករំលែក៖

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ចេញសេចក្តីសម្រេចបង្កើតនិងចាត់តាំងក្រុមអ្នកនាំពាក្យ ។ នេះបើយោងតាមសេចក្តីសម្រេច ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ! ដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅរសៀលថ្ងៃនេះ ។ 

ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្តី្រសម្រេច : 

ប្រការ១ .-ត្រូវបានបង្កើតនិងចាត់តាំងក្រុមអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី មានសមាសភាពដូចខាងក្រោម៖

១-លោក អេង ទូច រដ្ឋលេខាធិការនិងជានាយកខុទ្ទកាល័យ ប្រធាន។ អនុប្រធាន២រូប សមាជិក ២រូប ។ 

ប្រការ២.- ក្រុមអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី មានភារកិច្ចដូចខាងក្រោម៖ ដឹកនាំ គ្រប់គ្រង ធ្វើនិយ័តកម្មលើការផ្សព្វផ្សាយរាល់ព័ត៌មានផ្លូវការរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។

-រៀបចំសេចក្តីបំភ្លឺ សេចក្តីប្រកាសព័ត៌មាន សេចក្តីថ្លែងការណ៍ និងការផ្សព្វផ្សាយផ្សេងទៀតអំពីព័ត៌មាន របស់ទីស្តីការគណៈរដ្ឋមន្ត្រីឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

-ទំនាក់ទំនងនឹងឆ្លើយតបជាផ្លូវការជាមួយសាធារណជន បណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិ សហការជាមួយអង្គភាពនានាចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីប្រមូលព័ត៌មាន តាមដាន អង្កេត និងវិភាគនូវរាល់ព័ត៌មាន និងឯកសារពាក់ព័ន្ធ សម្រាប់ធ្វើការឆ្លើយបំភ្លឺជូនសាធារណជន និងបណ្តាញ សារព័ត៌មានជាតិ និងអន្តរជាតិ។

-ស្រាយបំភ្លឺចំណោទបញ្ហានានាដែលកើតមានឡើងក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្តី រៀបចំសន្និសីទសារព័ត៌មាននានាជូនថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្តី

-ស្រាវជ្រាវនិងប្រមូលចងក្រងរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងទីស្ដីការគណៈរដ្ឋមន្ត្រី។

-បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី។

ប្រការ៣..បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤..នាយកខុទ្ទកាល័យ ប្រធានគ្រប់អង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕ 

ដោយ ៖ សហការី


ចែករំលែក៖