ព័ត៌មានទាន់ហេតុការណ៍៖

អនុញ្ញាតឱ្យទីស្នាក់ការត្រួតច្រកទ្វារតំបន់បឹងត្រកួន ទីស្នាក់ការត្រួតច្រកទ្វារតំបន់ម៉ាឡៃ និងការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុក ទទួលនិងប្រគល់ឯកសារប័ណ្ណ ព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោក​ លី​ សុវណ្ណារិទ្ធ​ អភិបាលរងខេត្តបន្ទាយមានជ័យ​ អញ្ជើញជាអធិបតីភាព​ ក្នុងកិច្ចប្រជុំស្តីពី​ ការអនុញ្ញាតឱ្យទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់បឹងត្រកួន ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ម៉ាឡៃ និងការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុក ទទួលនិងប្រគល់ឯកសារប័ណ្ណ ព្រំដែនកម្ពុជា-ថៃ​។ 

កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក​ ជា​ សេង​អាន​ នាយករងរដ្ឋបាលសាលាខេត្ត​ លោក​ ឈីន​ សូរិយា​ ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត​ លោក-លោកស្រី​ អភិបាលរងស្រុក​ ប្រធានការិយាល័យច្រកចេញ-ចូលតែមួយស្រុក​ចំនួន៧​ ធ្វើឡើងនៅរសៀលថ្ងៃទី២៦ខែតុលា​ ឆ្នាំ២០២៣​ នាសាលប្រជុំច្រកចេញ-ចូលតែមួយ​ ។ 

លោក​ លី​ សុវណ្ណារិទ្ធ​ អភិបាលរងខេត្តបន្ទាយមានជ័យ​ បានឱ្យដឹងថា៖​ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ​ រដ្ឋបាលខេត្តបន្ទាយមានជ័យ​ បានពង្រីកសេវាការធ្វើប័ណ្ណព្រំដែន​ ទៅការិយាល័យច្រកចេញ-ចូលតែមួយស្រុកចំនួន៧បន្ថែមទៀត​ ដើម្បីបង្ខិតសេវាឱ្យទៅដល់គៀកនិងបងប្អូនប្រជាពលរដ្ឋ​ មិនចាំបាច់ចំណាយពេលមកធ្វើនៅច្រកចេញ-ចូលតែមួយនៃរដ្ឋបាលខេត្ត។ 

លោក​ ឈីន​ សូរិយា​ ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត​ បានបញ្ជាក់ឱ្យដឹងថា៖​ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្ដីពីការបន្ថែមទីតាំងទទួល-ប្រគល់ឯកសារសវាផ្តល់ប័ណ្ណព្រំដែនកម្ពុជា-ថៃ​ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣​ ការធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ​ ប័ណ្ណ១​ តម្លៃ២ម៉ឺនរៀល​ រយៈពេលអតិបរិមាផ្តល់សេវា​ចំនួន៥ថ្ងៃ​ ដែលមានសុពលភាព២ឆ្នាំ​ ដោយឡែកចំពោះការបន្តសុពលភាពប័ណ្ណព្រំដែនកម្ពុជា-ថៃ​ ប័ណ្ណ១​ តម្លៃ១ម៉ឺនរៀល​ រយៈពេលអតិបរិមាផ្តល់សេវា​ចំនួន៣ថ្ងៃ​ ដែលមានសុពលភាព២ឆ្នាំ។ 

លោកបន្តថា​ ចំពោះការប្រើប្រាស់ប័ណ្ណព្រំដែន​ បងប្អូនពលរដ្ឋអាចស្នាក់នៅខេត្តជាប់ព្រំដែន​ នៃព្រះរាជាណាចក្រថៃរយៈពេល០៧ថ្ងៃ ក្នុងពេលចូលម្តង ចំពោះការស្នាក់នៅរយៈពេលយូរ ប៉ុន្តែមិនលើសពី១៥ថ្ងៃ ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចនៃភាគីថៃ។ ប្រជាពលរដ្ឋខ្មែរកាន់ប័ណ្ណព្រំដែនកម្ពុជា-ថៃ ដែលបានបំពេញលក្ខខណ្ឌ និងនីតិវិធីផ្ទៃក្នុងពាក់ព័ន្ធការងារប្រចាំថ្ងៃ ការងារតាមរដូវកាលត្រូវបានអនុញ្ញាតឱ្យស្នាក់នៅចំនួន ៣០ថ្ងៃ នៅខេត្តជាប់ព្រំដែននៃព្រះរាជាណាចក្រថៃ៕

ដោយ ៖ ​វណ្ណា


ចែករំលែក៖