ព័ត៌មានទាន់ហេតុការណ៍៖

អគារមួយចំនួនដែលជាប់គាំងក្នុងខេត្តព្រះសីហនុ​ ត្រូវបានរាជរដ្ឋាភិបាលលើកលែងពន្ធ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រាជរដ្ឋាភិបាលកម្ពុជា​ បានចេញវិធានការជាកញ្ចប់សម្រាប់ដោះស្រាយអគារមួយចំនួន​ដែលកំពុងជាប់គាំងក្នុងខេត្តព្រះសីហនុ ក្នុងនោះមានជាការលើកលែងពន្ធទៅតាមប្រភេទគម្រោងសាងសង់នីមួយៗ និងការជួយសម្រួលសេវារដ្ឋបាលមួយចំនួន។​ គិតត្រឹមខែកញ្ញា​ ឆ្នាំ២០២៣ គម្រោងផ្អាកការសាងសង់នៅខេត្តព្រះសីហនុមានចំនួន ៣៤១ ស្មើនឹង ៣៦៤ អគារ។

គម្រោងដែលមានការលើកទឹកចិត្ត ដោយការលើកលែងពន្ថប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុងចន្លោះឆ្នាំ២០២៣-២០២៥, ពន្ធអចលនទ្រព្យប្រចាំឆ្នាំជាបន្ទុករបស់រដ្ឋចាប់ពីឆ្នាំ២០២០-២០២៥។ ក្រៅពីនេះក៏មានជាការសម្រួលលិខិតអនុញ្ញាតសាងសង់ឱ្យស្របតាមនីតិវីធីជាធរមានចំពោះអគារជាប់គាំងដែលមិនទាន់មានលិវិតអនុញ្ញាតសាងសង់។ គម្រោងទាំងនេះក៏ត្រូវបានលើកលែងកម្រៃសេវាសាធារណៈ លើលិខិតអនុញ្ញាតសាងសង់ និងវិញ្ញាបនបត្រប្រើប្រាស់សំណង់។

ចំពោះគម្រោងដែលពុំស្ថិតក្រោមច្បាប់ស្តីពីវិនិយោគដូចជា ផ្ទះសំណាក់ សំណង់លំនៅឋាន។ល។ ត្រូវទទួលបានការលើកទឹកចិត្តត្រឹមបទប្បញ្ញត្តិស្តីពីការលើកទឹកចិត្តពន្ធដារ និងគយ និងមិនកម្រិតត្រឹមសហគ្រាសធុនតូច និងមធ្យម និងវិស័យអាទិភាព។ គម្រោងប្រភេទនេះ ត្រូវបានលើកលែងពន្ធកាត់ទុកលើការជួលអចលនទ្រព្យរយៈពេល៥ឆ្នាំ និងត្រូវបានសម្រួលនីតិវិធីលើការស្នើសុំអាជ្ញាបណ្ណជាដើម។

រីឯសកម្មភាពមូលនិធិនៃគម្រោងវិនិយោគរួម និង/ឬ បរធនបាលកិច្ច ទទួលបានការសម្រួលការស្នើសុំអាជ្ញាបណ្ណ, ពន្ធលើប្រាក់ចំណូលរយៈពេល៩ឆ្នាំ, ពន្ធអប្បរមារយៈពេល៩ឆ្នាំ, និង ប្រាក់រំដោះពន្ធលើប្រាក់ចំណូលរយៈពេល៩ឆ្នាំ។ 

បេីតាមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារដោះស្រាយ​គម្រោងវិនិ​យោគជាប់គាំងក្នុងខេត្តព្រះសីហនុ លោក ហ៊ាន សាហ៊ីប បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយ​គម្រោងវិនិយោគជាប់គាំង ដោយផ្អែកតាមគោលការណ៍ ចំនួន២៖ ទី១. ឱ្យអគារដែលសាងសង់មិនទាន់ចប់ អាចសាង​សង់ចប់ និងទី២. ឱ្យអគារ ដែលបានសាងសង់ចប់ អាចមានសកម្មភាពវិនិយោគ ឬធុរកិច្ច។

លោក ហ៊ាន សាហ៊ីប បានលើកឡើងទៀតថា ខេត្តព្រះសីហនុ គឺជាខេត្តមួយ ដែលរាជរដ្ឋាភិបាលផ្តោតអាទិភាពខ្ពស់ និងម៉្យាងជាខេត្តដែលមានអគារច្រើន មានតម្លៃជាង១ ០០០ លានដុល្លារអាមេរិក ដែលត្រូវជួយដោះស្រាយ ដើម្បីជំរុញ​សកម្មភាព សេដ្ឋកិច្ច និងធុរកិច្ច ពិសេស ប្រែក្លាយពីស្ថានភាពជាប់គាំង ក្នុងអតីតកាល ទៅជាស្ថានភាពរស់រវើក ប្រកបដោយថាមពល ក្នុងបច្ចុប្បន្ន និងអនាគត។

ជុំវិញបញ្ហានេះដែរ​ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានបញ្ជាក់ថា ជុំវិញដំណោះស្រាយបញ្ហានេះ រដ្ឋបាលខេត្ត បានបង្កើត​ការិយា​ល័យ​ទទួលពាក្យ និងទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីទទួលយកសំណុំបែបបទមួយចំនួន យកទៅពិគ្រោះ​យោបល់ជាមួយភាគីពាក់ព័ន្ធដោះស្រាយតាមយន្តការឈ្នះឈ្នះ។​ លោកបន្ថែមថា«លទ្ធផលឈ្នះឈ្នះសម្រេចទៅបាន ត្រូវមានការចូលរួមពីស្ថាបនពាក់ព័ន្ធ រួមទាំង​ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្របសម្រួលនីតិវិធីច្បាប់សាងសង់ ក៏ដូចជាកញ្ចប់លើកទឹកចិត្ត ជាពិសេស​ផ្នែកពន្ធដារ»។

លោកអភិបាលរងរូបនេះ​ បានគូសបញ្ជាក់ទៀតថា ក្រុមការងារពាក់ព័ន្ធបានចាប់ផ្តើមដោះស្រាយទៅលើគម្រោងជាប់គាំងនេះ ក្នុងមួយ​ករណីម្តង ជាក់ស្តែងកាលពីរសៀលថ្ងៃទី ៣១ តុលា បានកំពុងដោះស្រាយមួយករណីហើយ។​ ជាក់ស្ដែង​បច្ចុប្បន្នអគារដែលជាប់គាំងនៅខេត្តព្រះសីហនុ មានចំនួន ៣៦៤អគារ និងអគារដទៃទៀត ដែលបានសាងសង់រួច តែមិនដំណើរការ ក៏ត្រូវដោះស្រាយផងដែរ៕

ដោយ​៖ សហការី​


ចែករំលែក៖