ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអ៊ីស្លាមនៅជុំវិញពិភពលោកបង្ហាញពីសាមគ្គីភាព ជាមួយប៉ាឡេស្ទីន ក្នុងពេលអ៊ីស្រាអែលបង្កើនការវាយប្រហារ

ចែករំលែក៖

បណ្តាពលរដ្ឋអារ៉ាប់នៅជុំវិញពិភពលោក បានបង្ហាញពីការសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន និងជំទាស់ដល់ប្រទេសលោកខាងលិច ដែលបានគាំទ្រអ៊ីស្រាអែលវាយប្រហារទៅលើតំបន់កាហ្សា ។
សារព័ត៌មាន AFP នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រជាជនឥណ្ឌូនេស៊ី បានចាប់ផ្តើមប្រារព្ធពិធី«ខែសាមគ្គីភាពប៉ាឡេស្ទីន» នៅថ្ងៃពុធ ទី០១ ខែវិច្ឆិកានេះ ដើម្បីបង្ហាញថាពួកគេ «នឹងឈរជាមួយប៉ាឡេស្ទីនជានិច្ច» ហើយនឹងបង្កើនកិច្ចខិតខំប្រឹងប្រែង បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលទៅលើជនស៊ីវិលនៅតំបន់ហ្គាហ្សា។
ឥណ្ឌូណេស៊ី គឺជាអ្នកគាំទ្រដ៏រឹងមាំរបស់ប៉ាឡេស្ទីនអស់ជាច្រើនទសវត្សរ៍មកហើយ ហើយប្រជាជន និងអាជ្ញាធររបស់ខ្លួនជឿថា ភាពជារដ្ឋរបស់ប៉ាឡេស្ទីនត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលអំពាវនាវឱ្យមានការលុបបំបាត់អាណានិគមនិយម។
ប្រទេសអាស៊ីអាគ្នេយ៍នេះ មិនមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលទេ ហើយរដ្ឋាភិបាលឥណ្ឌូនេស៊ីបានអំពាវនាវម្តងហើយម្តងទៀត ឱ្យបញ្ចប់ការកាន់កាប់ទឹកដីប៉ាឡេស្ទីន ព្រមទាំងការអនុវត្តដំណោះស្រាយរដ្ឋពីរដោយផ្អែកលើព្រំដែនមុនឆ្នាំ ១៩៦៧ របស់អង្គការសហប្រជាជាតិ។
ចាប់តាំងពីឆ្នាំ ២០២២ ខែសាមគ្គីភាពប៉ាឡេស្ទីន ត្រូវបានរៀបចំឡើងដោយក្រុមតស៊ូមតិឥណ្ឌូនេស៊ី Al-Aqsa Working Group (AWG)។
ប្រធានអង្គការសាមគ្គីប៉ាឡេស្ទីន (AWG)
លោក Rifa Berliana Arifin បាននិយាយយ៉ាងដូច្នេះថា «ខែសាមគ្គីប៉ាឡេស្ទីនគឺជាពេលវេលាមួយ ដើម្បីបង្ហាញថាប្រជាជនឥណ្ឌូនេស៊ី តែងតែឈរជាមួយប្រជាជនប៉ាឡេស្ទីនគ្រប់កាលៈទេសៈ ជាពិសេសក្នុងស្ថានភាពបច្ចុប្បន្ននៃសង្រ្គាមនៅហ្គាហ្សា»។
លោកបានបន្ថែមថា «គោលដៅនៃសាមគ្គីភាពដែលបង្ហាញដោយប្រជាជនឥណ្ឌូនេស៊ី និងប្រទេសដទៃទៀតនៅជុំវិញពិភពលោកបង្ហាញថា អ៊ីស្រាអែលគឺជារដ្ឋឈ្លានពាន ហើយថារដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu គឺជារដ្ឋបាលដ៏ព្រៃផ្សៃ»។
យុទ្ធនាការរយៈពេលមួយខែក្នុងឆ្នាំនេះបានចាប់ផ្តើម នៅពេលដែលកងកម្លាំងអ៊ីស្រាអែលបង្កើនការវាយប្រហារលើជនស៊ីវិលប៉ាឡេស្ទីន ក្នុងការសងសឹក ចំពោះការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី ០៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហ្គាហ្សាហាម៉ាស។
ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៨,៥០០ នាក់នៅតំបន់ហ្គាហ្សា និងរាប់ម៉ឺននាក់រងរបួស។ យោងតាមក្រសួងសុខាភិបាលហ្គាហ្សា ៦៦ % នៃអ្នកស្លាប់គឺជាកុមារ និងស្ត្រី៕ ដោយ៖ ធីរីណា

រូបថត​៖ Reuters


ចែករំលែក៖