ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋបរទេសប្រមាណ ៣២០នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីតំបន់ Gaza ទៅកាន់អេហ្ស៉ីប

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា ឧបការីរដ្ឋមន្ត្រីការបរទេសអូស្រ្តាលី លោក Tim Watts បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ជនជាតិអូស្ត្រាលីចំនួន ២០នាក់ដែលស្ថិតក្នុងចំណោមជនបរទេសរាប់រយនាក់នៃក្រុមដំបូង បានចាកចេញពីតំបន់ Gaza ហើយចូលទៅប្រទេសអេហ្ស៉ីបតាមច្រកព្រំដែន Rafah។
យ៉ាងហោចណាស់ ជនបរទេសចំនួន ៣២០នាក់ បានចាកចេញពីដែនដីប៉ាឡេស្ទីនទៅអេហ្ស៉ីប កាលពីថ្ងៃពុធសប្តាហ៍នេះ ក្នុងជុំដំបូង ក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសកាតា។ លោក Watts បាននិយាយថា នៅមានជនជាតិអូស្ត្រាលីចំនួន ៦៥នាក់ទៀតជាប់គាំងនៅតំបន់ Gaza ហើយរដ្ឋាភិបាលកំពុងទាក់ទងជួយពួកគេ ដើម្បីអាចឆ្លងកាត់ Rafah ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដោយប្រើគ្រប់វិធីទាំអស់។
គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស កើតឡើងកាលពីថ្ងៃទី៧ ខែតុលា រដ្ឋាភិបាលអូស្ត្រាលី បានធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួនជាច្រើន។ នៅពេលនេះ រដ្ឋាភិបាលអូស្រ្តាលី មិនមានផែនការផ្តល់ជំនួយយន្តហោះបន្ថែមទៀតទេ ដោយសារមានជើងហោះហើរពាណិជ្ជកម្មគ្រប់គ្រាន់៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN


ចែករំលែក៖