ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ! សម្តេចមហាបវរបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងការបើកឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងមហាផ្ទៃ។
សូមជម្រាបជូនថា អាគារទីស្តីការរបស់ក្រសួងមហាផ្ទៃ មានផ្ទៃដីសរុបទំហំ ៥,៦ ហិកតា ផ្នែកខាងមុខនៃ អាគារនេះ បែរទៅទិសខាងកើត ស្របតាមផ្លូវព្រះនរោត្តម និងបែរមុខចំទន្លេរធំៗទាំងបួន ដែលគេហៅថា ទន្លេចតុមុខ។ អាគារទីស្តីការរបស់ក្រសួមហាផ្ទៃ នេះ មានទំហំ ១៥៣ ម៉ែត្រ គុណ ៨៣ ម៉ែត្រ មានកំពស់ ៩ ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ ចំណតរថយន្ត ដែលអាចចតរថយន្ត ក្នុងអាគារបានសរុប ចំនួន ៣៣០ គ្រឿង។
អគារទីស្ដីការថ្មីរបស់ក្រសួងមហាផ្ទៃ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលា សាងសង់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី អតីតរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ ចំណាយថវិការប្រមាណ ៦០ លានដុល្លារសហរដ្ឋអាមេរិក។
ដោយឡែកប្លង់ស្ថាបត្យកម្ម អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុក ចំនួន៥ លំនាំតាម ប្រាសាទអង្គវត្ត កំពូល៥ ដោយអនុលោមតាមគោលការណ៍សមមាត្រ នៃរូបរាងអគារ នឹងបានគិតគូរយ៉ាងហ្មត់ចត់ អំពីពន្លឺ ខ្យល់ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុកភាព ស័ក្តសមជាទីកន្លែងធ្វើការរួម បែបសម័យទំនើបថ្មី។ លើសពីនេះទៀត អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃនេះ មានសមត្ថភាពអាចផ្ទុកមនុស្ស សរុបរហូតដល់ ៨.៥០០នាក់ ហើយមានមុខងារប្រើប្រាស់ជាអគាររដ្ឋបាលប្រមូលផ្តុំ ដែលមាន ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារផងដែរ៕
ដោយ៖សហការី